ការវិនិច្ឆ័យក្បាលដីរបស់ប្រជាជន០៧ភូមិ ក្នុងស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈ
AKP កណ្ដាល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥-- លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន០៧ភូមិ ថា ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺពិតជាមានសារៈសំខាន់ ព្រោះដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី មកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងវាស់វែងចេញបណ្ណកម្មសិទ្ធិ ដោយពិធីបិទផ្សាយជាសាធារណៈប្រព្រឹត្តទៅនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ក្រោយការបិទផ្សាយនេះសូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់ៗគ្នា និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់មកចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់លើទិន្នន័យនៃឯកសារវិនិច្ឆ័យដែលដាក់បិទផ្សាយជូនដោយគណៈកម្មការរដ្ឋបាល ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ អាជ្ញាធររដ្ឋបាលដីធ្លីខេត្តបានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋ ព្រោះមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដីពិសេសទៀតនោះ បានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។

ជាមួយគ្នានោះ លោកក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបាននឹងកំពុងបន្តប្រឹងប្រែងក្នុងដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅតាមតំបន់គោលដៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ និងបានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ អាជ្ញាធរគ្រប់ជាន់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្តទៅដោយភាពរលូន និងជោគជ័យ។

ក្នុងឱកាសនោះ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានបញ្ជាក់ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៧ភូមិ គឺភូមិព្រះប្រសប់ ភូមិព្រែកតាបែន ភូមិព្រែកតាទន់ ភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ភូមិតាឯក ភូមិទ្រាំងក្រោម និងភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល មានចំនួន ៧ ៣៩៥ក្បាលដី ហើយការបិទផ្សាយនាពេលនេះគឺជាលើកទី២២ សម្រាប់ស្រុកខ្សាច់កណ្តាល និងជាលើកទី៣០១ សម្រាប់ខេត្តកណ្តាលទាំងមូល៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





