លោក គៀង សេងគី៖ ការសហការជាមួយអង្គការដៃគូបានល្អ គឺជាការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥-- លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា ការសហការជាមួយអង្គការដៃគូបានល្អគឺជាការរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ក្នុងពិធីចែកសម្ភារសិក្សា ព្រមទាំងចែកស្បៀងជូនដល់ជនភៀសសឹក និងពលករ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំនៅសាលាក្រុងស្ទឹងសែន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងសែន លោក ទេព សោភ័ណ្ឌ អភិបាលរងក្រុងស្ទឹងសែន អង្គការដៃគូរ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់។

លោក គៀង សេងគឺ បានលើកឡើងថា ក្នុងនាមសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់អង្កការ អេដ អេ អាក ស្យុង (AEA) និងសាលាអាយលីតអន្តរជាតិ ដែលបានសហការចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ លើកកម្ពស់ភាពរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្ម និងអប់រំដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ រក្សាសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជា និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមនានាផងដែរ។

លោក គៀង សេងគី បានគូសបញ្ជាក់ទៀតថា ការសិក្សារៀនសូត្រត្រូវពឹងផ្អែកទៅលើខ្លួនឯង ដោយមានការព្យាយាម អំណត់អត់ធ្មត់ យកចិត្តទុកដាក់គ្រប់ពេលវេលាដើម្បីឱ្យក្លាយ ទៅជាមនុស្សល្អកសាងប្រទេសជាតិឱ្យមានការរីកចម្រើនព្រោះក្មេងៗជាទំពាំងស្នងឫស្សី ហើយសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់លោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត សម្រាកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះចៀសវាងការកើតមានជំងឺផ្សេងៗ។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយ ប្រចាំថ្ងៃដោយផ្លាស់ប្តូរ ទម្លាប់មិនល្អ និងផ្តល់ឱកាសឱ្យកូនបានសិក្សារៀនសូត្រ ដោយប្រែក្លាយខ្លួនទៅជាប្រជាពលរដ្ឋល្អ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។


សូមបញ្ជាក់ថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ សហការជាមួយអង្កការអេដ អេ អាក ស្យុង (AEA) និងសាលាអាយលីតអន្តរជាតិ បានចែកសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន១៩៥នាក់ កង់ ៣០គ្រឿង ឡាបូលាងសម្អាតដៃ២ឈុត ចំនួន៥សាលា និងម៉ាស៊ីនចម្រោះទឹកស្អាត១សាលា ជូនដល់កុមារជួបការលំបាក និងសាលាបឋមសិក្សា ព្រមទាំងចែកស្បៀងមាន (អង្ករ ត្រីខ និងទឹកត្រី) ជូនដល់ជនភៀសសឹក និងពលករចំនួន៥០គ្រួសារ៕
ដោយ ស៊ុម វណ្ណា





