លោកជំទាវ ឡុង បូណារេត៖ ក្មួយៗជាសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត
AKP កំពង់ស្ពឺ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវ ឡុង បូណារេត អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត។ ថ្លែងបែបនេះក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការប្រារព្ធខួបលើកទី២៦ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជា ២០០នាក់ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ធ្វើនៅសាលប្រជុំបណ្ណាល័យកំពង់ស្ពឺ។

លោកជំទាវ ឡុង បូណារេត បានមានប្រសាសន៍លើកទឹកចិត្តដល់និស្សិត សិស្សានុសិស្សក៏ដូចយុវជនទាំងអស់ឱ្យបន្តការខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។ ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើនគឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ក្នុងន័យនេះ សូមប្រជាពលរដ្ឋ យុវជនគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិ។

លោកជំទាវបានមានប្រសាសន៍បន្តថា នៅកម្ពុជា ទិវានេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះយុវជន ពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទេសក៍ ប្រកបដោយគតិបណ្ឌិតដែលសម្តេចបានចាត់ទុក “យុវជនជាកម្លាំងស្នូលជាកោសិកាដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេសជាតិ”។ ក្មួយៗគឺជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត។ ដូចនេះក្មួយៗ គ្មានអ្វីក្រៅពីការខិតខំសិក្សារៀនសូត្រ រៀនដើម្បីជួយខ្លួនឯង ជួយគ្រួសារ និងជួយសង្គមជាតិ ខិតខំប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាពលរដ្ឋល្អទៅថ្ងៃអនាគត ក្តីសង្ឃឹម និងអនាគតដ៏ល្អរង់ចាំទទួលក្មួយៗគ្រប់ពេលវេលា។


លោកជំទាវ ឡុង បូណារេត បានកោតសរសើរដ៏ស្មោះចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្រ្តីអប់រំ គ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំប្រារព្ធពិធីអបអរសាទរ ការប្រារព្ធខួបលើកទី២៦នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ឆ្នាំ២០២៥ ដើម្បីក្នុងគោលបំណងឱ្យយុវជនយល់ដឹងពីការអភិវឌ្ឍសង្គម និងយល់ដឹងកាន់តែច្បាស់នូវតម្រូវការរបស់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងការធ្វើសេចក្តីសម្រេចចិត្តនានារបស់យុវជនគ្រប់កម្មវិធី គ្រប់សកម្មភាព នៅក្នុងសហគមន៍៕
ដោយ លឹម សាន្ត





