កម្ពុជា ដាក់លិខិតជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការ UN ប្រាប់ពីហានិភ័យដែលកំពុងកើតឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់របស់ភាគីថៃ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- បន្ទាប់ពីមានការគំរាមកំហែងពីភាគីថៃមិនឈប់មក កម្ពុជាបានសម្រេចដាក់លិខិតផ្ញើជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) និងទៅអគ្គលេខាធិការអង្គការសហប្រជាជាតិប្រាប់ពីហានិភ័យដែលកំពុងកើតឡើង និងគំរាមកំហែងចំពោះបទឈប់បាញ់ពីសំណាក់ប្រទេសថៃ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ឱ្យដឹងថា ឯកឧត្ដម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានផ្ញើលិខិតមួយទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ជម្រាបជូនអំពីហានិភ័យដែលកំពុងកើតឡើង និងការគំរាមកំហែងចំពោះបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ ឯកឧត្ដមអ្នកនាំពាក្យបានលើកឡើងថា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិថា បច្ចុប្បន្ន កិច្ចព្រមព្រៀងបទឈប់បាញ់ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែធ្ងន់ធ្ងរឡើង ដោយសារយោធាថៃបានបន្តរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឯកឧត្តម ប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានសរសេលិខិតពីរច្បាប់ផ្សេងគ្នាដាក់ជូនទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិអំពីការគំរាមកំហែងយ៉ាងផុយ ស្រួយ នូវបទឈប់បាញ់រវាងកម្ពុជា និងថៃ»។
ជាមួយគ្នានេះ ឯកឧត្ដមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបន្ដថា នៅក្នុងលិខិតបានលើកឡើងថាកិច្ចព្រមព្រៀងបានជួយសង្គ្រោះជីវិតមនុស្សយ៉ាងច្រើន និងផ្តល់សេចក្តីសង្ឃឹមដល់មនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញពីទីលំនៅឋាន ដោយបានបង្កើតក្តីសង្ឃឹមថាពួកគាត់អាចវិលត្រឡប់ទៅលំនៅឋានក្នុងពេលឆាប់ៗនេះ ហើយអាចរស់នៅប្រកបដោយសន្តិភាព និងវិបុលភាពដ៏យូរអង្វែង។ ឯកឧត្ដមបានបន្ថែមថា នៅក្នុងលិខិតរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការបរទេសក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកិច្ចព្រមព្រៀងបទឈប់បាញ់បានកំពុងតែផុយស្រួយ ហើយកំពុងតែប្រឈម និងការគំរាមកំហែង កាន់តែធ្ងន់ធ្ងរឡើងដោយសារតែកងកម្លាំងយោធាថៃបានប៉ុនប៉ងរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា ដែលនេះជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានសុពលភាពតាមផ្លូវច្បាប់។ ឯកឧត្ដមអ្នកនាំពាក្យបន្ដទៀតថា ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងទៀតថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន តាំងពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មក កងកម្លាំងយោធាថៃបានបន្តឈានចូលទឹកដីកម្ពុជាជាបន្តបន្ទាប់ជាញឹកញាប់ ដោយបានដាក់រាយបន្លាលួស និងសាងសង់ផ្លូវនៅកន្លែង ជាច្រើន។ ឯកឧត្ដមអ្នកនាំពាក្យក៏បានអះអាងផងដែរថា ការរំលោភបំពានពីភាគីថៃ ដោយចេតនា និងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី០៧ សីហា ឆ្នាំ២០២៥ កងទ័ពថៃបានចូលក្នុងទឹកដីកម្ពុជានៅតំបន់អានសេះ ក្នុងខេត្តព្រះវិហារ និងបានរាយបន្លាលួស រុះរើផ្ទះប្រជាពលរដ្ឋកម្ពុជា និងប្រើម៉ាស៊ីនធុនធ្ងន់សាងសង់លេណដ្ឋានជាច្រើនកន្លែង។ លើសពីនេះទៀត ក្នុងលិខិតនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់បន្ថែមថាសកម្មភាពរបស់ថៃក្នុងទឹកដីកម្ពុជាស្របគ្នានឹងការប្រកាសសេចក្ដីថ្លែងការណ៍របស់មេបញ្ជាការភូមិភាគ២របស់ថៃ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយបានសន្យាថាកងទ័ពថៃ នឹងចូលមកកាន់កាប់ប្រាសាទតាក្របីជាថ្មីវិញ ហើយនឹងបិទប្រាសាទតាមាន់ធំផងដែរ។
ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក៏បានសង្កត់ធ្ងន់ថា៖ «ការប្រកាសនេះគឺវាស្ថិតក្នុងដែនដីកម្ពុជាទាំងស្រុង ដែលបានកំណត់ និងខណ្ឌចែកដោយផែនដីខ្នាត១លើពី២០០ពាន់ ដែលផលិតដោយគណៈកម្មការចម្រុះបារាំង-សៀម អនុឡោមតាមអនុសញ្ញាចុះថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ១៩០៤ និងសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។ ផែនទីទាំងនេះបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា និងថៃ ហើយត្រូវបានយកជាមូលដ្ឋានយ៉ាងច្បាស់ដោយតុលាការយុត្ដិធម៌អន្តរជាតិ(ICJ) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្នុងសំណុំរឿងប្រាសាទព្រះវិហារ»។

ដោយ៖ ប៊ុនរិទ្ធ





