ក្រុម Vlogger All Star ប្រមូលថវិកា ជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥--លោក ហួត គីមងួន ស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា និងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Star បានគូសបញ្ជាក់ថា ការប្រកួតរដូវកាលទី៣ ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដោយប្រមូលបានថវិកា ក្នុងប្រកួតចុងក្រោយ ដែលជាប្រកួតទី១០ ទទួលបានថវិកា ៦៩៣៥ដុល្លារអាមេរិក ដើម្បីជួយដល់មូលនិធិវីរកងទ័ពជួរមុខ ក្រោយរងការរំលោភបំពានពីយោធាថៃមកលើកម្ពុជា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។


លោក ហួត គីមងួន បានអះអាងថា សម្រាប់ថវិកាប្រមូលបាន ក្នុងរដូវកាលទី៣ មានថវិកាសរុប ២ ២២៤៥ ដុល្លារអាមេរិក ក្នុងនោះថវិកាសប្បុរសធម៌ ១៥ ៣១០ ដុល្លារបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈបរិច្ចាគដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យទាំងពីរ (QR Code មន្ទីរពេទ្យ) ចាប់តាំងពីប្រកួតទី១រហូតដល់ប្រកួតទី៩។ ដោយឡែកសម្រាប់ប្រកួតទី១០នៃរដូវកាលទី៣នេះ គឺទទួលបានថវិកាសរុប ៦៩៣៥ ដុល្លារអាមេរិកជួយដល់វីរកងទ័ពជួរមុខ ដោយជូនជាថវិកាខ្លះ និងទិញជាសម្ភារ គ្រឿងឧបភោគ បរិភោគជាដើម។


ស្ថាបនិកពានរង្វាន់រូបនេះសង្កត់ធ្ងន់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ដើម្បីកុមារកម្ពុជាបានដំណើរការចំនួន៣រដូវកាលមកហើយ ដោយមានគោលដៅចម្បង ស្វែងរកមូលនិធីជួដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ កាលពីរដូវកាលទី១ ពានរង្វាន់បាល់ទាត់មួយនេះប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបានចំនួន ១៧ ៦០៤ ដុល្លារអាមេរិក និងរដូវកាលទី២ប្រមូលបាន ៥ ៨០៤ ដុល្លារអាមេរិក។ សម្រាប់រដូវកាលទី៣ ដែលទើបបានបិទបញ្ចប់ដោយជោគជ័យដែរនោះបានប្រមូលថវិកាសរុបចំនួន ២ ២២៤៥ ដុល្លារអាមេរិក ដោយក្នុងនោះថវិកាមួយចំនួនធំបានបរិច្ចាគជូនដល់មូលនិធិមន្ទីរពេទ្យទាំងពីរ ហើយប្រកួតចុងក្រោយទី១០ ចំពេលស្ថានភាពរបស់ប្រទេសជាតិកំពុងជួបការលំបាកនៅតាមព្រំដែន ក៏លោកខិតខំប្រមែលគៀរគរថវិកាជិត ៧ពាន់ដុល្លានេះ ជួយគាំទ្រដល់វីរកងទ័ពជួរមុខជំនួសវិញ៕
ដោយ ហេង ណាលីន





