ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជួបសំណេះសំណាលជាមួយពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៥។ ការជួបសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្តបន្ទាយមានជ័យផ្ទាល់។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងពីគោលនយោបាយមនុស្សធម៌របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ រាជរដ្ឋាភិបាលបានអំពាវនាវឱ្យពលករខ្មែរវិលត្រឡប់មកកាន់មាតុភូមិវិញ មុនពេលមានការបណ្តេញចេញពីសំណាក់អាជ្ញាធរថៃ ដើម្បីចៀសវាងការប្រមាថ ឬបញ្ហាផ្សេងៗ។ រាជរដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ពលករទាំងអស់ ទោះបីជាមាន ឬគ្មានឯកសារស្របច្បាប់ក៏ដោយ។

ដើម្បីសម្រួលដល់ដំណើរវិលត្រឡប់របស់ពលករ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងទទួលពលករនៅក្បែរព្រំដែន។ ទីតាំងនេះផ្តល់នូវកន្លែងស្នាក់នៅបណ្ដោះអាសន្ន ការហូបចុក និងថែទាំសុខភាព សេវាដឹកជញ្ជូនត្រឡប់ទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ ការស្វែងរកការងារធ្វើថ្មីនៅក្នុងប្រទេស។

ឯកឧត្តមបានរំលឹកផងដែរថា រាជរដ្ឋាភិបាលបានណែនាំឱ្យក្រសួងការងារជួយសម្របសម្រួលស្វែងរកការងារសមរម្យជូនពលករដែលត្រឡប់មកវិញ ដោយសារបច្ចុប្បន្ន កម្ពុជានៅមានតម្រូវការកម្លាំងពលកម្មខ្ពស់។

បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកវិញបានបង្ហាញនូវអារម្មណ៍រំភើបរីករាយ និងកក់ក្តៅចំពោះការទទួលស្វាគមន៍នេះ។ ពួកគេបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាល ក៏ដូចជាឯកឧត្តម អ៊ុំ រាត្រី និងក្រុមការងារ ដែលបានផ្តល់ការយកចិត្តទុកដាក់ និងជំនួយជាច្រើន ទាំងសម្ភារ និងស្មារតី។
ពលករខ្មែរម្នាក់ដែលមានវ័យ៥២ឆ្នាំ គឺអ្នកស្រី ស្រូយ លឿង ដែលមានស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យលើកឡើងថា "ខ្ញុំពិតជារំភើបខ្លាំងណាស់ដែលឃើញអាជ្ញាធរខេត្តចុះមកទទួលពួកយើងដោយផ្ទាល់បែបនេះ។ យើងមានអារម្មណ៍ថា យើងមិនឯកា ហើយមានរដ្ឋាភិបាលចាំជួយជានិច្ច។"

លោក ជា ផល្លា ពលករមួយរូបទៀត អាយុ៤៥ឆ្នាំដែលមានស្រុកកំណើតក្នុងខេត្តបាត់ដំបង បានបង្ហាញក្តីសង្ឃឹមថា "ខ្ញុំនឹងព្យាយាមរកការងារធ្វើនៅក្នុងប្រទេសវិញតាមរយៈជំនួយពីក្រសួងការងារ។ ខ្ញុំជឿជាក់ថា ជីវភាពខ្ញុំនឹងកាន់តែប្រសើរឡើង នៅពេលដែលខ្ញុំបាននៅជិតក្រុមគ្រួសារ។"
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យុទ្ធនាការវេទិកាការងារដែលបានរៀបចំឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់៖ វេទិកាការងារសរុប២៦៩កន្លែង ឱកាសការងារសរុប១១២ ២៦៧កន្លែង អ្នកចូលរួមវេទិកា៧៩ ៩១១ នាក់ អ្នកទទួលបានការងារភ្លាមៗ១៥ ៣៣២នាក់។ លទ្ធផលនេះបានបញ្ជាក់យ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតឱកាសការងារ និងជួយសម្របសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសពលករដែលបានវិលត្រឡប់មកពីបរទេសវិញ៕
ដោយ ឈុន សារ៉ាត





