អាជ្ញាធរខេត្តកំពង់ឆ្នាំងឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ និងគ្រយសារកងទ័ពជួរមុខ
AKP កំពង់ឆ្នាំង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួនចែកជូន គ្រួសារកងទ័ព ប្រជាពលរដ្ឋជួបការលំបាក ចាស់ជរាគ្មានទីពឺង គ្រួសារជនពិការ និងគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង លោក លោកស្រី និងសប្បុរសជនផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា ជនងាយរងគ្រោះដោយប្រការផ្សេងៗ គ្រួសារកងទ័ព និងពលរដ្ឋភៀសឹក ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែងគ្រួសារក្រីក្រ ជនងាយរងគ្រោះ គ្រូសារកងទ័ព និងពលរដ្ឋភៀសសឹកនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់កាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយរយះផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាថែទាំ សុខភាព ដោយបរិភោគទឹកស្អាត ដេកក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងកើតជំងឺគ្រុនចាញ់ និងគ្រុនឈាម ដែលកំពុងកើតមាននៅទូទាំងប្រទេស។ ម៉្យាងទៀតត្រូវខិតខំចិញ្ចឹមសត្វ និងដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាព ឱ្យបានសមរម្យ។

ស្របគ្នានេះដែរឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋចៀសឱ្យឆ្ងាយពីគ្រឿងញៀន និង ពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវាត់ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវ និងក្រុមការងារ បានចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន២២គ្រួសារក្នុងនោះមាន២គ្រួសាររងគ្រោះដោយភ្លើងឈេះផ្ទះ ក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ឃីត១ (មុង ភួយ សារុង ក្រមា) និងថវិកាមួយចំនួនផងដែរ៕
ដោយ បៃ ស៊ីថុន





