សិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីនីតិវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥-- លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំស្តីពីនីតិវិធីពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះនិងងាយរងគ្រោះ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ទីរ ស.អ.យ រាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ចំនួន២៥០នាក់។

លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា សិក្ខាសាលានេះរៀបចំឡើង ដើម្បីណែនាំពីនីតិវិធីប្រតិបត្តិស្តីពីការពង្រឹងភាពធន់សេដ្ឋកិច្ច គ្រួសាររងគ្រោះ និងងាយរងគ្រោះ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ ក្នុងកាចូលរួមរអនុវត្តនីតិវិធីប្រតិបត្តិនេះ គឺដើម្បី បំពេញ តម្រូវការមូលដ្ឋានសម្រាប់គ្រួសាររងគ្រោះ និងងាយរងគ្រោះ ការគាំទ្រដល់សមាជិកគ្រួសារឱ្យមានជំនាញ វិជ្ជាជីវៈនិងបង្កើតមុខរបរ កាត់បន្ថយភាពក្រីក្រនៅក្នុងគ្រួសារសហគមន៍។

សិក្ខាសាលានេះក៏បានជួយពង្រឹងសមត្ថភាពរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំផែនការថវិកា សម្រាប់ការគាំពារដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះ នៅសហគមន៍ នៅក្នុងថវិកាវិនិយោគឃុំសង្កាត់ និងចេះវិភាជថវិកាសម្រាប់គាំទ្រសកម្មភាពដែល អ.ក.ន.ក ចូលរួម អនុវត្តសៀវភៅណែនាំនីតិវិធីប្រតិបត្តិស្តីពីការពង្រឹងភាពធន់សេដ្ឋកិច្ចគ្រួសាររងគ្រោះ និងងាយរងគ្រោះ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





