ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់គណ:កម្មការទី២នៃព្រឹទ្ធសភា ស្វែងយល់អំពីបញ្ហាប្រឈមពាក់ព័ន្ធនានា នៅរដ្ឋបាលខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានទទួលជំនួបពិភាក្សាការងារជាមួយគណ:កម្មការទី២នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មគណ:កម្មកាទី២នៃព្រឹទ្ធសភា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមពាក់ព័ន្ធនានា នៅរដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមបានទទួលស្វាគមន៍គណ:ប្រតិភូគណ:កម្មការទី២នៃព្រឹទ្ធសភា ព្រមទាំងបានបង្ហាញពីសក្តានុលពរបស់ខេត្តមាន៦ក្រុង ស្រុក ចែកជា ២៩ ឃុំ សង្កាត់ និង១១១ភូមិ។ ខេត្តព្រះសីហនុ សម្បូរទៅដោយធនធានធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) ជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយ ដែលមានភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាសម្រាកលម្ហែយ៉ាងច្រើន ត្រូវបានប្រសិទ្ធនាមថា ជា "តារារះនាទិសនិរតី"។ ចំពោះសក្តានុពលលើវិស័យដឹកជញ្ជូន មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។ ផ្លូវគោកមានផ្លូវជាតិលេខ៣ លេខ៤ ល្បឿនលឿន និងផ្លូវរថភ្លើង។ ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះកំពង់ផែអន្តរជាតិកែវផុស កំពង់ផែអន្តរជាតិស្ទឹងហាវ និងកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នក្នុងដំណាក់កាលអភិវឌ្ឍន៍ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ដែលមានជម្រៅទឹកចាប់ពីជម្រៅទឹក១៣,៥០ ទៅ ១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលធ្វើចរាចរណ៍នៅលើពិភពលោកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្របទៅនឹងចក្ខុវិស័យនៃព្រែកជីកហ្វូណន អាចតភ្ជាប់ពីផ្លូវសមុទ្រ មកកាន់ទន្លេមេគង្គ រាជធានីភ្នំពេញ និងបណ្តាខេត្តខាងលើនៅតាមដងទន្លេមេគង្គ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានជួយសាងសង់ផ្លូវចំនួន ៣៧ខ្សែ ដែលសាងសាង ដោយកូនខ្មែរ ១០០ភាគរយ សាងសង់បានលឿន ឆាប់ទៅតាមតម្រូវការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀតមានដូចជា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ បន្ទប់ទឹកសាធារណនៅតាមបណ្តោយឆ្នេរ និងរូបសំណាកជាដើម ។ល។ រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកចេញជា ១. ការដឹកជញ្ជូន ភស្តុភាកម្ម និងឧស្សាហកម្ម ២.ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍ នៅតាមបណ្តាកោះ ទន្ទឹមនោះស្រុកកំពង់សិលា ជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ទន្ទឹមនោះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយកម្មវិធីពិសេសសម្រាប់ខេត្តព្រះសីហនុ ឆ្នាំ២០២៥ មានដូចជា ការអនុគ្រោះផ្នែកព័ន្ធ និងការជួយសម្របសម្រួលលើឯកសារផ្សេងៗដល់អ្នកវិនិយោគ។ ខេត្តព្រះសីហនុមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានបោះទីតាំងក្នុងខេត្តមានដូចជា សាខាធនាគាពាណិជ្ជកម្មចំននួន៤៤ ធនាគារឯកទេស២ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលសាច់ប្រាក់បញ្ញើចំនួន៩ និងក្រុមហ៊ុនភតិសន្យាចំនួន១។ ដោយឡែកគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដែលបើកគណនីរួម មានធនាគារពាណិជ្ជ និងសាខាធនាគារចំនួន២៨ គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុចំនួន២ អង្គភាពសាធារណ:១ និងអង្គភាពស្ថាប័នរដ្ឋ៤។


ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភា បានថ្លែងអំណគុរណរដ្ឋបាលខេត្ត ដែលបានស្វាគមន៍ចំពោះគណ:ប្រតិភូគណ: កម្មការទី៧នៃព្រឹទ្ធសភានាពេលនេះ តាងនាមឱ្យគណៈកម្មការទី២នៃព្រឹទ្ធសភា សូមថ្លែងអំណគុណដល់រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍យ៉ាងក្បោះក្បាយ ស្តីពីសក្តានុពលរបស់ខេត្ត សាកសម្យជាតារារះនាទិសនិរតី រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ផ្តោតសំខាន់លើគោលនយោបាយ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ វិស័យសេដ្ឋកិច្ចជាការងារមួយសម្រាប់គណ:ប្រតិភូព្រឹទ្ធសភាដែលមានបេសកម្មធំៗ២ គឺ ១.ការទូត ២.ពាក់ព័ន្ធនឹងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ យើងដើរនៅលើផ្លូវមួយក្នុងការដឹកនាំសេដ្ឋកិច្ច ព្រោះខេត្តព្រះសីហនុជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលមានផ្លូវដឹកជញ្ជូនសេដ្ឋកិច្ចយ៉ាងសម្បូរបែប ទាក់ទងទៅនឹងវិស័យដឹកជញ្ជូនផ្លូវដែក ក្រុមហ៊ុនបានធ្វើការស្តារក្នុងវិស័យដឹកជញ្ជូន។ នេះជាអ្វីដែលជាសក្តានុពលរបស់ខេត្តព្រះសីហនុ ក្នុងការដឹកជញ្ជូនតភ្ជាប់ទៅកាន់រាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនោះ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសជួយស្រូបយកកម្លាំងពលកម្ម ដែលជាពេលវេលាត្រូវជួយគ្នាក្នុងការទាញយកកម្លាំងពលកខ្មែរ ដែលពួកគាត់បានវិលមកពីប្រទេសថៃ ដូច្នេះជួយសម្របសម្រួលនូវឯកសារ និងលិខិតបទដ្ឋាននានាពាក់ទ័ន្ធ ដើម្បីពួកគាត់មានការងាធ្វើ ចាកផុតពីការធ្វើចំណាកស្រុកទៅកាន់ប្រទេសជិតខាង។


ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មការទី២នៃព្រឹទ្ធសភានឹងបន្តចុះទៅពិនិត្យការិយាល័យគយ នៅច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបន្តទៅរដ្ឋបាលស្រុកស្ទឹងហាវ ដើម្បីស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុថ្នាក់ស្រុក ឃុំសង្កាត់បន្ថែមទៀត៕
ដោយ ងូ សុមុនី





