អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ប្រជាពលរដ្ឋខ្មែរសុទ្ធសឹងជាអ្នកស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម និងចង់ផ្សព្វផ្សាយសន្តិភាពទៅកាន់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥--ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរទាំងព្រះសង្ឃពុទ្ធសាសនា ទាំងគ្រហស្ថ និងទាំងបរិស័ទនៃសាសនាផ្សេងទៀត សុទ្ធសឹងជាអ្នកស្រឡាញ់សន្តិភាព ចង់រស់នៅដោយសុខសាន្តជាមួយប្រទេសជិតខាង ក៏ដូចជាជាមួយបណ្ដាប្រជាជាតិទាំងអស់នៅលើពិភពលោក ពិសេសពលរដ្ឋខ្មែរស្អប់ខ្ពើមសង្រ្គាម និងចង់ផ្សព្វផ្សាយសន្តិភាពទៅកាន់ពិភពលោក។
ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ឃើញថា«ធម្មយាត្រារបស់ព្រះសង្ឃប្រមាណជា២៥៦៩អង្គ កាលពីថ្ងៃអាទិត្យទី១០ខែសីហា ឆ្នាំ២០២៥ នៅក្នុងរាជធានីភ្នំពេញគឺជាព្រឹត្តិការណ៍ថ្មីមួយទៀត បន្ទាប់ពីប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសបានដង្ហែក្បួនគ្រប់ទិសទីដើម្បីទាមទារសន្តិភាព ព្រឹត្តិការណ៍នេះបង្ហាញច្បាស់ថា ប្រជាពលរដ្ឋខ្មែរទាំងព្រះសង្ឃពុទ្ធសាសនា ទាំងគ្រហស្ថ និងទាំងបរិស័ទនៃសាសនាផ្សេងទៀត សុទ្ធសឹងជាអ្នកស្រឡាញ់សន្តិភាព ចង់រស់នៅដោយសុខសាន្តជាមួយប្រទេសជិតខាង ក៏ដូចជាជាមួយបណ្ដាប្រជាជាតិទាំងអស់នៅលើពិភពលោក ពិសេសពលរដ្ឋខ្មែរស្អប់ខ្ពើមសង្រ្គាម និងចង់ផ្សព្វផ្សាយសន្តិភាពទៅកាន់ពិភពលោក»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបន្ថែមថា ការប៉ះទង្គិចប្រដាប់អាវុធរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងខាងយោធា និងជនស៊ីវិល។ ជាក់ស្ដែងទីតាំងស៊ីវិលជាច្រើន បានរងការបំផ្លិចបំផ្លាញដោយគ្រាប់បែករបស់កងទ័ពថៃដូចជា វត្តអារាម មណ្ឌលសុខភាព សាលារៀន ភូមិឋាន ផ្ទះសម្បែងដែលបណ្ដាលឱ្យជនស៊ីវិលស្លាប់ និងរងរបួស និងមានជនភៀសសឹករាប់សែននាក់ ក្នុងនោះមានទាំងកុមារ ចាស់ជរា និងស្ត្រីផងដែរ។ នេះនៅមិនទាន់រាប់ផលប៉ះពាល់រយៈពេលយូរដែលបណ្ដាលមកពីកាកសំណល់ដែលបន្សល់ទុកដូចជា គ្រាប់បែក MK 84 គ្រាប់បែកចង្កោម គ្រាប់បែកផ្សេងៗទៀតដែលមិនទាន់ផ្ទុះហើយដែលកំពុងកប់នៅក្នុងដី។
មកដល់ត្រឹមនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ប្រជាជនកម្ពុជាអាចយល់ពីអត្ថន័យសន្តិភាព និងអត្ថន័យនៃការទទួចចង់បានសន្តិភាព និងយល់ច្បាស់ឆន្ទៈប្ដូរផ្ដាច់ចង់បានសន្តិភាពរបស់ថ្នាក់ដឹកនាំយើង និងប្រជាពលរដ្ឋយើង។
ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងអំណរគុណដល់អង្គទូតនានាប្រចាំកម្ពុជា និងអនុព័ន្ធយោធាបរទេស ក៏ដូចជាអនុព័ន្ធយោធាអាស៊ាន រួមទាំងដៃគូអន្តរជាតិពាក់ព័ន្ធផ្សេងទៀតដែលបានចុះទៅដល់តំបន់ដែលរងផលប៉ះពាល់ ដើម្បីបានឃើញផ្ទាល់ភ្នែកនូវវិនាសសកម្មដែលបានបង្កឡើងដោយកងទ័ពថៃមកលើជនស៊ីវិល និងទីតាំងស៊ីវិលរបស់កម្ពុជា៕
ដោយ៖ គង់ សិរីរ័ត្ន





