ក្រុមអង្គការសង្គមស៊ីវិលចំនួន៤៣ស្ថាប័ន ចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥……
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំអង្គការក្រៅរដ្ឋាភិបាលប្រចាំកម្ពុជាចុះពិនិត្យជនភៀសសឹកនៅវត្តរត្តនឧត្តមមុននីគិរីសែនជ័យ ហៅថា វត្តភ្នំកំបោរ ស្ថិតនៅភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ការចុះរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៤៣ស្ថាប័ននេះ បើគិតជារួមមានចំនួន៧៤នាក់ បានចុះពិនិត្យជនភៀសសឹកនៅវត្តភ្នំកំបោរ ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២៥។

ឯកឧត្តម ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ឱ្យដឹងថា ជនភៀសសឹកដែលមកស្នាក់នៅជំរុំជនភៀសសឹកនៅ វត្តភ្នំកំបោរ នេះមានចំនួន៣ឃុំគឺ ឃុំគោកមន ឃុំអំពិល និងឃុំគោកខ្ពស់ ស្ថិតនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សរុបមានចំនួន ៤ ២៣១គ្រួសារ ត្រូវនឹង ១៣ ៦៧៤ នាក់។

ជាមួយគ្នានេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឧត្តរមានជ័យ ក្នុងឱកាសទទួលស្វាគមន៍អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា កាលពីថ្ងៃថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៥ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នជនភៀសសឹក នៅខេត្តឧត្តរមានជ័យ មានសរុប ២ ៤៧៥គ្រួសារ ស្មើនឹងប្រមាណ ៧ ២៧២ នាក់។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា សម្រាប់ការមករស់នៅរបស់បងប្អូនប្រមូលផ្តុំគ្នាច្រើនអាចធ្វើឱ្យប៉ះពាល់បញ្ហាសុខភាព, កុមារពុំបានចូលរៀន និងក្រៅពីនេះបញ្ហាកសិកម្មរបស់ពួកគាត់ទទួលរងខូចខាតដោយសារពុំបានថែទាំដិតដល់ផងដែរ៕

ដោយ៖ មករា





