ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខភរិយាយោធិនជួរមុខសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម
AKP កំពង់ចាម ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត រួមជាមួយ ឯកឧត្តម ជានាយកសាខា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោក ប្រធាន អនុប្រធានមន្ទីរពេទ្យ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ជា មួយលាភ អាយុ៣៥ឆ្នាំ ជាភរិយាយោធិនជួរមុខទិសមុំបី បានភៀសសឹកពីភូមិសែនរុងរឿង១ ឃុំទឹកក្រហម ខេត្តព្រះវិហារ ដែលបានមកសម្រាកត្រៀមសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុកដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចកាលប្រមុខដឹកនាំរបស់យើងតែងតែ ចង់ដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ជួយដោះស្រាយសម្រាល រាល់ទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ពិសេសលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះភាពអង់អាចក្លាហានរបស់ ស្វាមី និងបងប្អូន កងទ័ព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងជីវិតដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។


ក្នុងការចុះសួរសុខទុក្ខ ឯកឧត្តមអភិបាលខេត្តបានណែនាំដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យត្រូវយកចិត្តទុកដាក់ព្យាបាល និងផ្ដល់សេវាសុខភាពយ៉ាងល្អប្រសើរជូនដល់គ្រួសារវីរកងទ័ពនិងបងប្អូន មកសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកនេះ និងបាននាំផ្តល់ជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនលោកស្រី ជា មួយលាភ រួមមាន៖ អង្ករ៥០គ.ក្រ រួមទាំងគ្រឿងឧបភោគ បរិភោគ ទឹកដោះគោឆៅ២យួរ ទឹកសុទ្ធ២កេស ឃីតស្ត្រី១ឈុត និងថវិកាចំនួន១០លានរៀល ផងដែរ៕
ដោយ ឆាយ ម៉ុត





