ឯកឧត្តម គួច ចំរើន ចែកបណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋចំនួន៨ភូមិ ក្នុងក្រុងសំពៅពូន
AKP កណ្ដាល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចែកបណ្ណនាថ្ងៃនេះ សូមជួយផ្សព្វផ្សាយជូនដំណឹងដល់ជាពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន។ ការអំពាវនាវនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៦ ០៩៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន៨ភូមិ រួមមាន ភូមិព្រែកត្រឡាច ភូមិកំពង់ដr ភូមិជ្រោយតាកែវ ភូមិព្រែកតាឃិន ភូមិព្រែកតាទៀង ភូមិព្រែកតាសេក ភូមិដើមពោធិ៍ និងភូមិព្រែកភូមិ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ព្រោះបណ្ណកម្មសិទ្ធដីធ្លីគឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានបណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានបណ្ណកម្មសិទ្ធិ ព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ។ ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រទាំងសម្ភារ និងស្មារតីដល់វីរកងទ័ពជួរមុខ ដែលបានបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី ជាពិសេសប្រជាពលរដ្ឋទាំងអស់បានគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមកប្រកបដោយភាពជោគជ័យ សូមបន្តរក្សាការគាំទ្រនេះជាមួយរដ្ឋាភិបាលដើម្បីសុខសន្តិភាពយូរអង្វែងតទៅទៀត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





