អគ្គស្នងការនគរបាលជាតិទទួលអំណោយពីសប្បុរសជន ដើម្បីចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែន
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលអំណោយពីអង្គការម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដើម្បីចែកជូនដល់កងកម្លាំងនគរបាលការពារព្រំដែនជួរមុខ។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជារូបឯកឧត្តមផ្ទាល់ ជំនួសមុខឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គការម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដែលបាននាំអំណោយមកប្រគល់ជូនដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ចំពេលដែលមានតម្រូវការចាំបាច់ចំពោះមុខ ដោយឯកឧត្តមបានចាត់ទុកកាយវិការដ៏ឧត្តុង្គឧត្តមនេះ គឺជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តសប្បុរសធម៌ ក៏ដូចជាការរួមចំណែកលើកទឹកចិត្ត និងជុំរុញស្មារតីបន្ថែមទៀតដល់កងកម្លាំងកំពុងឈរជើងការពារអធិបតេយ្យភាពទឹកដីព្រះរាជាណាចក្រកម្ពុជា។


សូមជម្រាបជូនថា អំណោយរបស់អង្គការម៉ារីស៊ីអន្តរជាតិ និងអង្គការមេត្រីអន្តរជាតិ ដែលបាននាំមកប្រគល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិសម្រាប់កងកម្លាំងនគរបាលការពារព្រំដែននាពេលនេះ រួមមាន អង្ករចំនួន ២តោនជាអំណោយរបស់អង្គការម៉ារីស៊ីអន្តរជាតិ និង១តោនទៀតជាអំណោយរបស់អង្គការមេត្រីអន្តរជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





