អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបដិសេធយ៉ាងដាច់អហង្ការដែលថៃចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មី
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ --ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះភាគីថៃ ដែលកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានធ្វើការចោទប្រកាន់កម្ពុជាថាបានដាក់គ្រាប់មីនថ្មី។ ការបដិសេធរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ឯកឧត្តម ជុំ សុន្ទរី បានថ្លែងថា ជាការឆ្លើយតបចំពោះការចោទប្រកាន់ខាងលើនេះកម្ពុជាសូមធ្វើការគូសបញ្ជាក់ដូចតទៅ៖ ទី១. ការគោរពរបស់កម្ពុជាចំពោះអនុសញ្ញាអូតាវ៉ា៖ គឺបន្ទាប់ពីបានក្លាយខ្លួនជារដ្ឋភាគីនៅឆ្នាំ២០០០ កម្ពុជាបានគោរពដោយហ្មត់ចត់ចំពោះអនុសញ្ញាអូតាវ៉ា ដោយកម្ពុជាបានបំផ្លាញចោលនូវគ្រាប់មីនប្រឆាំងមនុស្សប្រមាណជាង១លានគ្រាប់ រួមនឹងគ្រឿងផ្ទុះផ្សេងទៀតដែលបានបន្សល់ទុកដោយសង្គ្រាមនៅលើទឹកដីកម្ពុជាប្រមាណជាង៣លានគ្រាប់ ដោយបានរួមចំណែកដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន ដែលមានលក្ខណៈមនុស្សធម៌នៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេស រួមទាំងនៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្តងទៀតនូវការត្រៀមខ្លួនរួចជាស្រេចរបស់ខ្លួន ដើម្បីធ្វើការដោយការស្ថាបនាជាមួយភាគីថៃ និងរាល់ជាមួយតួអង្គពាក់ព័ន្ធទាំងអស់ដើម្បីប្រកាន់ខ្ជាប់នូវអនុសញ្ញាអូតាវ៉ា ការពារដល់អាយុជីវិតរបស់ប្រជាជនស៊ីវិល និងការធានាព្រំដែននៃប្រទេសទាំងពីរប្រកបដោយសន្តិភាព សន្តិសុខ និងវិបុលភាព។ ទី២. ការអំពាវនាវរបស់កម្ពុជាឱ្យមានការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀង១៣ចំណុច៖ កម្ពុជាត្រូវបានលើកទឹកចិត្តដ៏ខ្លាំងក្លាតាមរយៈការអបអរសាទរដ៏ទូលំទូលាយរបស់សហគមន៍តំបន់ និងអន្តរជាតិ ក្នុងនោះក៏មានបណ្តាប្រទេសជាដៃគូរបស់អាស៊ាន រួមនឹងតួអង្គពាក់ព័ន្ធសំខាន់ៗដទៃទៀត។
ចំពោះកិច្ចព្រមព្រៀង១៣ចំណុច ដែលសម្រេចបានក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការកិច្ចការព្រំដែន ទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ឱ្យដឹងថា កម្ពុជាស្វាគមន៍ចំពោះការអំពាវនាវរបស់បណ្តាប្រទេសនានាដែលសុំឱ្យមានការអនុវត្តដោយសុទ្ធចិត្ត និងទាន់ពេលវេលានូវរាល់ចំណុចដែលបានព្រមព្រៀងគ្នា ដោយកម្ពុជាបានចាត់ទុកកិច្ចព្រមព្រៀងទាំង១៣ចំណុចនេះថាជាឱកាសដ៏សំខាន់មួយសម្រាប់ប្រទេសទាំងពីរក្នុងការកាត់បន្ថយភាពតានតឹង ស្តារមកវិញនូវការទុកចិត្តគ្នា រួមនឹងការទប់ស្កាត់ នូវគ្រោះថ្នាក់ចំពោះប្រជាជនស៊ីវិលនៅតាមបណ្តាយព្រំដែននៃប្រទេសទាំងពីរ ហើយថាកិច្ចព្រមព្រៀងនេះគឺជាការតាំងចិត្តរួមរបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ ចំពោះសន្តិភាព និងស្ថិរភាព។
ឯកឧត្តម អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ឱ្យដឹងផងដែរថា កម្ពុជានាពេលនេះសូមបង្ហាញពីការព្រួយបារម្ភចំពោះការបង្ហាញចេញមកដោយមានលក្ខណៈអវិជ្ជមានមួយចំនួនពីខាងភាគីថៃ រួមទាំងការលើកឡើងថា កម្ពុជាបានដាក់គ្រាប់មីនថ្មី និងបានធ្វើការវាយប្រហារទៅលើគោលដៅជនស៊ីវិល ដែលត្រូវបានលើកឡើងសារជាថ្មីម្តងទៀតនាពេលថ្មីៗនេះក្នុងការថ្លែងជាសាធារណៈរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល និងក្រសួងការបរទេសថៃ ក៏ដូចជាការប្រកាសប្រកបដោយអរិភាពនាពេលថ្មីៗនេះរបស់មេបញ្ជាការយោធភូមិភាគទី២ របស់ថៃ៕

ដោយ៖ ចាន់ សុភឿន





