តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី ជាទីជម្រករបស់សត្វដំរីអាស៊ីប្រមាណ៣០០ក្បាល
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥-- អង្គការ WWF អំពាវនាវឱ្យមាន «សម្ព័ន្ធសត្វដំរីអាស៊ី» បន្ថែមទៀតក្នុងទិវាសត្វដំរីពិភពលោកនេះ ដើម្បីការពារសត្វដំរីអាស៊ីឱ្យកាន់តែប្រសើរឡើង។ នេះបើយាមការបញ្ជាក់របស់អង្គការ WWF នៅថ្ងៃទី១១ សីហា ឆ្នាំ២០២៥។

អង្គការ WWF កម្ពុជា កំពុងសហការជាមួយការរិយាល័យអង្គការ WWF ផ្សេងទៀតនៅក្នុងតំបន់ ដែលជាប្រទេសកំពុងមានវត្តមានសត្វដំរី ដើម្បីអំពាវនាវដល់សាធារណជនឱ្យពង្រឹងវិធានការការពារសត្វដំរីអាស៊ី។ ជាក់ស្តែង កន្លងមកយើងមានករណីសិក្សាមួយស្តីអំពីការស្លាប់នៃកូនដំរីក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃបុណ្យម្ដាយ ដែលបានបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ការកែលម្អការសុខដុមនីយកម្មរវាងមនុស្ស និងសត្វដំរី។ នៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី ដែលជាទីកន្លែង និងជាទីជម្រករស់នៅរបស់សត្វដំរីអាស៊ីប្រមាណ៣០០ក្បាលនៅទីនោះ ហើយបច្ចុប្បន្នអង្គការ WWF កម្ពុជា និងដៃគូ កំពុងសហការពង្រឹងការងារកែលម្អការគ្រប់គ្រងច្រករបៀង ដែលជាទីកន្លែងសត្វដំរីឆ្លងកាត់រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

ឆាប់ៗខាងមុខនេះ អង្គការ WWF កម្ពុជា រៀបចំដំណើរទស្សនកិច្ចសិក្សាមួយដែលមានការចូលរួមពីសិស្សានុសិស្សជាង១០០នាក់ នៅស្នាក់ការល្បាតត្រពាំងធ្មៀរ ដើម្បីបំផុសគំនិតដល់សិស្សានុសិស្ស ដើម្បីចូលរួមកាន់ច្រើននៅក្នុងការងារអភិរក្ស៕
ដោយ ណយ នឿន (ប្រភព៖ WWF)





