អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តសម្របសម្រួលពលរដ្ឋខ្មែរវិលត្រឡប់ពីប្រទេសថៃ
AKPបន្ទាយមានជ័យ ថ្ងៃទី១១ ខែសីហាឆ្នាំ២០២៥--អាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋខ្មែរដែលកំពុងវិលត្រឡប់ពីប្រទេសថៃចូលមកកាន់មាតុប្រទេសវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ការសម្របសម្រួល និងការជួយដោះស្រាយបញ្ហាផ្សេងៗនេះ ត្រូវបានធ្វើឡើងដោយមិនខ្លាចនឿយហត់ ខណៈដែលមានពលរដ្ឋមួយចំនួននៅតែបន្តចាកចេញពីប្រទេសថៃដោយក្តីបារម្ភពីបញ្ហាសន្តិសុខ។

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្រោមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ ឱ្យដឹកនាំកម្លាំងនគរបាល ១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ចុះជួយសម្របសម្រួលការឆ្លងដែន និងដឹកជញ្ជូនពលរដ្ឋដោយផ្ទាល់។

លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាគណៈបញ្ជាការរដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ពលរដ្ឋ។ អាជ្ញាធរបានជួយសម្រួលការងារផ្លូវច្បាប់ ដំណោះស្រាយបញ្ហាដឹកជញ្ជូនពួកគាត់ទៅកាន់លំនៅឋានដោយសុវត្ថិភាព រួមទាំងការដោះស្រាយការងារធ្វើនៅក្នុងប្រទេសផងដែរ។

គិតត្រឹមថ្ងៃអាទិត្យ ទី១០ ខែសីហា នេះ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច មានពលរដ្ឋខ្មែរសរុបចំនួន ១៨១ នាក់ (ស្រី ៧៣ នាក់) បានវិលត្រឡប់មកពីប្រទេសថៃ។ ក្នុងចំណោមនោះ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តចំនួន ១៥ គ្រឿង ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់បណ្តាខេត្ត និងរាជធានីចំនួន ៥ ដូចខាងក្រោម៖ ខេត្តបន្ទាយមានជ័យ ១៨៩ នាក់ (ស្រី ៧២ នាក់), ខេត្តបាត់ដំបង ០៥ នាក់ (ស្រី ០២ នាក់) ខេត្តស្វាយរៀង ០៩ នាក់ (ប្រុសទាំងអស់), ខេត្តពោធិ៍សាត់ ០១ នាក់ (ប្រុស) ,ខេត្តកំពត ០២ នាក់ (ស្រី ០១ នាក់) , រាជធានីភ្នំពេញ ០១ នាក់ ប្រុស។

ពលរដ្ឋដែលបានវិលត្រឡប់មកដល់ស្រុកកំណើតវិញបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចដែលបានយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់ពួកគាត់ តាមរយៈការដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ផ្ទះសម្បែង៕
ដោយ ៖ ឈុនសារ៉ាត





