សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពលោកព្រិន្ទបាលឯក ឌី សេង
AKPកំពង់ធំ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥--គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន លោកស្រី ឃួន ឃុនឌី អនុប្រធានក្រុម លោកស្រី ចឹក ហេង សមាជិកក្រុម អមដំណើរដោយលោកស្រី យស ថានារី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំកាលពីល្ងាចថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពវីរកងទ័ពលោកព្រិន្ទបាលឯក ឌី សេងអនុសេនាធំលេខ៣ វរសេនាតូច៣៨២ ខេត្តព្រះវិហារ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំដែលបានពលីក្នុងសមរភូមិមុខ ដោយប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបូរណភាពទឹកដី។

ក្នុងឱកាសនោះលោកជំទាវឃួន ឃុនឌីអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អនុប្រធានទី១ និងបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភាជូនដល់ក្រុមគ្រួសារសពចំពោះការបាត់បង់ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។ លោកជំទាវឃួន ឃុនឌី សូមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ដែលនេះជាការបាត់បង់នូវកុលបុត្រខ្មែរដ៏អស្ចារ្យ និងធនធានការពារជាតិ ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ពិសេសការតស៊ូប្រយុទ្ធការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពជាតិ និងការពារប្រជាជន ប្រកបដោយភាពអង់អាចក្លាហាន។

ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមគោរពនូវវីរភាពនិងការលះបង់អាយុជីវិតរបស់វីរកងទ័ពកម្ពុជា ពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ។សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកសម្ភារ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរកងទ័ពទផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





