អង្គការ NatureLife ជួយសង្គ្រោះកូនសត្វឈ្លូស ១ក្បាល
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥-- កូនឈ្លូសមួយក្បាលត្រូវបានប្រជាពលរដ្ឋយកមកប្រគល់ជូនមន្ទីរបរិស្ថានខេត្តរតនគិរី និងអង្គការជីវិតធម្មជាតិនៅកម្ពុជា NatureLife ។ នេះបើយោងតាមការឱ្យដឹងពីអង្គការ NatureLife ន៊កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។

កូនឈ្លូសនេះទើបតែមានអាយុចន្លោះពី ១សប្តាហ៍ ទៅ ២សប្តាស៍ប៉ុណ្ណោះ នៅក្នុងវ័យនេះ គេនៅមិនទាន់អាចស៊ីចំណីអ្វីផ្សេងក្រៅពីទឹកដោះម្តាយរបស់គេឡើយ។ ដោយកូនសត្វនេះនៅមិនទាន់មានសមត្ថភាពក្នុងការរកអាហារដោយខ្លួនឯងបាន ក្រុមការងារបានសម្របសម្រួលជាមួយក្រុមសង្រ្គោះសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃមកទទួលយកកូនឈ្លូសនេះទៅថែរក្សាបន្តនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

ករណីជួយសង្គ្រោះកូនសត្វនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹង និងការយកចិត្តទុកដាក់ចំពោះសត្វព្រៃ និងកិច្ចសហការរវាងសហគមន៍មូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ។ ទាំងនេះជាប្រសិទ្ធភាពការងារ ដែលកើតឡើងដោយសារកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ។

អង្គការ NatureLife បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការក្នុងការជួយសង្គ្រោះនេះ ជាពិសេសប្រជាពលរដ្ឋដែលបានផ្តល់កិច្ចសហការ និងប្រគល់កូនឈ្លូសមួយក្បាលនេះទាន់ពេលវេលា ៕
ដោយ: ណយ នឿន (ប្រភព៖ NatureLife)





