នាយឧត្តមសេនីយ៍ មាស វីរិទ្ធ ដឹកនាំប្រតិភូទស្សនកិច្ចការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥--ឆ្លើយតបទៅនឹងការអញ្ជើញរបស់ក្រសួងនគរបាលវៀតណាម ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចាត់តាំង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ជាតំណាងដឹកនាំប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅបំពេញទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។

បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងទទួលកិច្ចសហប្រតិបត្តិការអន្តរជាតិនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ឱ្យដឹងថា ប្រតិភូកម្ពុជានឹងស្នាក់នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ។ ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្ថែមថា តាមកម្មវិធីដែលបានគ្រោងទុកប្រតិភូកម្ពុជា នឹងជួបសម្តែងការគួរសម និងភាក្សារការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯកបំរុង ង្វៀន វ៉ាន ឡុង ( Nguyen Van Long ) អនុរដ្ឋមន្រ្តី ក្រសួងនគរបាល វៀត ណាម ស្តីពីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកក្នុងការងារប្រយុទ្ធប្រឆាំង គ្រឿងញៀន។ បន្ទាប់មកជួបពិភាក្សាការងារស្តីពីការស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន នៃប្រទេសទាំងពីរ និងទស្សនកិច្ចដកបទពិសោធន៍ពាក់ព័ន្ធការងារព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕



ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





