ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចំនួន៩ប្រទេស សាទរពីការធ្លាក់ចុះជនភៀសសឹកនៅខេត្តឧត្តរមានជ័យ ក្រោយបទឈប់បាញ់
AKP ឧត្តរមានជ័យ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥ -- ក្នុងដំណើរចុះពិនិត្យ ជនភៀសសឹកនៅ វត្ត រត្តន ឧត្តម មុនីគិរីសែនជ័យ ហៅវត្ត(ភ្នំកំបោរ)ស្ថិតនៅភូមិ ដូនកែវ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា(MACPP) ចំនួន៩ប្រទេស បានសម្តែងការអបអរសាទរនៅពេលចំនួនជនភៀសខ្លួនធ្លាក់ចុះ ក្រោយបទឈប់បាញ់ ហើយជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននារសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥ លោកវរៈសេនីយ៍ទោ Paul Payne អនុព័ន្ធការពារជាតិប្រទេសកាណាដាប្រចាំកម្ពុជា បានចុះទៅពិនិត្យជំរំបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន នៅវត្តភ្នំកំបោរ បានបង្ហាញការសាទរចំពោះការធ្លាក់ចុះនៃជនភៀសសឹក តាមរយៈការឱ្យដឹងពីអាជ្ញាធរមូលដ្ឋាន ក៏ដូចជាអំពីផលប៉ះពាល់នៃការប៉ះទង្គិចនៅតាមព្រំដែនរវាងកម្ពុជា-ថៃ នាពេលថ្មីៗកន្លងមក។ លោកវរៈសេនីយ៍ទោបានបញ្ជាក់ថា៖ «ខ្ញុំបានកត់សម្គាល់ឃើញជំរំមួយដែលត្រូវបានរចនាឡើងសម្រាប់ផ្ទះគ្រួសារមួយចំនួន ដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះក្នុងតំបន់នោះ»។

ចំណែកលោកវរៈសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) ដែលបានចូលរួមក្នុងដំណើរបេសកម្មនេះដែរបានលើកឡើង និងបង្ហាញការសោកស្តាយបំផុតចំពោះអ្នកដែលបានរងផលប៉ះពាល់ដោយជម្លោះព្រំដែនកាលពីពេលថ្មីៗនេះ ។ លោកវរៈសេនីយ៍ឯកបានឱ្យដឹងថា៖ «លើកនេះ ខ្ញុំបានទៅលេងប្រាសាទ និងសាលារៀនមួយកន្លែងនៅជិតព្រំដែនដែលរងការខូចខាតដោយសារការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជាជម្រកសម្រាប់ជម្លៀស។ ខ្ញុំនឹងរាយការណ៍ពីអ្វីដែលខ្ញុំបានសង្កេតឃើញនៅថ្ងៃនេះទៅកាន់រាជធានី។ ខ្ញុំស្ងើចសរសើរចំពោះស្នាមញញឹមរបស់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះដែលបានស្វាគមន៍ខ្ញុំ ហើយខ្ញុំសង្ឃឹមថាអ្នកដែលជម្លៀសនឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ»។

សូមជម្រាបជូនថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា(MACPP) ដែលបានចុះមកដល់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងវត្ត សាលារៀន ស្ថានីយ៍ប្រេង ដែលកងទ័ពថៃបានវាយប្រហារនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីអំឡុងថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥។ ក្នុងចំណោមអនុព័ន្ធយោធាបរទេសទាំងនេះគឺមកពីប្រទេសចំនួន៩ និងមានចំនួនអ្នកចូលរួម ១៤រូប មានដូចជា អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម៕

ដោយ៖មករា, រូបថត៖ ខឹម សុវណ្ណារ៉ា





