អគ្គនាយកស៊ីម៉ាក់៖ ថៃ ទម្លាក់គ្រាប់ពីយន្តហោះនៅទិសឧត្តរមានជ័យជាង ១ ៥០០ គ្រាប់
AKP ភ្នំពេញ ថ្ងៃទី១០ សីហា ឆ្នាំ២០២៥ -- ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC) បានឱ្យដឹងនៅថ្ងៃទី១០ សីហា ឆ្នាំ២០២៥នេះថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ មានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន ១ ៥៤៩ គ្រាប់។

ឯកឧត្ដមបានបញ្ជាក់ថា នៅចំណុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំង និងគ្រាប់បែក MK-84 នោះជាក់ស្តែង។

ឯកឧត្ដមអគ្គនាយកបានបន្ថែមថា សម្រាប់គ្រាប់បែក MK-84 នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ ៣.៥ ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦ ។ នៅចំណុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែក MK-84 ដែលបានឃើញនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្ដម ហេង រតនា បានលើកឡើងថា អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕



ដោយ៖ ប៊ុនរិទ្ធ





