បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរា រួមនិងជនភៀសសឹកចំនួន ១០០គ្រួសារនៅខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រោះជីវិតនៃប្រទេសសិង្ហបុរី
AKP សៀមរាប ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរា រួមទាំងបងប្អូនជនភៀសសឹកចំនួន ១០០គ្រួសារនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីសមាគមសង្រោះជីវិតនៃប្រទេសសិង្ហបូរី ដែលផ្តល់ឱ្យតាមរយៈព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក។

លោក Goh Tung Heng ប្រធានសមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរី បានលើកឡើងថា អំណោយទាំងនេះជាការចូលរួមចំណែកដោះស្រាយ និងជួយសម្រាលនូវការខ្វះខាតរបស់បងប្អូនចំពោះមុខបានមួយរយៈ ហើយសមាគមរបស់លោកនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជួបការខ្វះខាតនៅតំបន់មូលដ្ឋានផ្សេងៗទៀត។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានថ្លែងអំណរគុណដល់សមាគមសង្រ្គោះជីវិតនៃប្រទេសសិង្ហបូរី ដែលមានចិត្តសប្បុរសធម៌ចំពោះប្រជាជនកម្ពុជាក្នុងការចូលរួមដោះស្រាយទុក្ខលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយម៉្យាងទៀត កាយវិការសប្បុរសធម៌នេះនឹងធ្វើឱ្យក្លាយជាកាលានុវត្តភាពក្នុងការរឹតចំណងសាមគ្គីភាព និងការពង្រឹងកិច្ចទំនាក់ទំនង សហប្រតិបត្តិការល្អ រវាងប្រទេសជាតិ និងប្រជាជនទាំងពីរ កាន់តែមានភាពរឹងមាំទ្វេរឡើង ដោយក្នុងនោះ ឯកឧត្តម អ្នកឧកញ៉ សៀង ណាំ ក៍សូមអរគុណផងដែរដល់ក្រុមអ្នកសារព័ត៌មាននៃទូរទស្សន៍សិង្ហបុរី Channel News Asia (CNA) ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់ ដោយបង្ហាញពីការឈ្លានពានរបស់ទាហ៊ានថៃដែលបានវាយប្រហារឈ្លានពានមកលើទឹកដីកម្ពុជាជាមុន និងបានធ្វើឱ្យប្រជាជនស្លូតត្រង់ត្រូវរងគ្រោះដោយសារតែទង្វើរបស់ពួកទាហានឈ្លានពានថៃ និងដើម្បីឱ្យឆាកអន្តរជាតិបានដឹងផងដែរ៕

ដោយ: ឃុត សៅ





