ធម្មយាត្រាបង្ហាញឱ្យអន្តរជាតិឃើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជាត្រូវការសន្តិភាព ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្បួនធម្មយាត្រាសន្តិភាពរបស់គណៈសង្ឃនាយកកម្ពុជា ធ្វើឡើងដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព ការរីកចម្រើន និងស្ថេរភាព ដោយមិនត្រូវការសង្គ្រាមឡើយ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះក្នុងឱកាសដែលឯកឧត្ដមចុះពិនិត្យការរៀបចំការការពារ សន្តិសុខសណ្តាប់ធ្នាប់ជូនគណៈសង្ឃនាយកកម្ពុជាក្នុងដំណើរធម្មយាត្រាសន្តិភាព ដែលនិមន្តចេញដំណើរពីរមណីដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ឆ្ពោះទៅវិមានឯករាជ្យ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា គណៈសង្ឃនាយក បានយល់ច្បាស់ថា សាសនាបានកើតឡើងក្រោមដំបូងសន្តិភាព មានសន្តិភាព ទើបមានសាសនា។ សាសនានៅកម្ពុជា ត្រូវបានបាត់បង់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុន្តែបានកើតឡើងវិញនៅក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ និងកំពុងរីកដុះដាលដោយមានជំនឿពីពុទ្ធសាសនិកនៅកម្ពុជាប្រមាណជាង ៩០% ដែលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវព្រះពុទ្ធសាសនា ខណៈដែលគ្រប់ទីវត្តអារាមទាំងអស់កំពុងមានការរីកចម្រើន ។

ឯកឧត្តម ឃួង ស្រេង បានបន្ថែមថា ព្រះសង្ឃក៏មានការភ័យខ្លាចការបាត់បង់សន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ក៏ដូចជាប្រជាពលរដ្ឋពុទ្ធបរិស័ទ របស់ព្រះអង្គ ដូចនេះទើបគណៈសង្ឃនាយក បិណ្ឌបាតទៅរាជរដ្ឋាភិបាលសុំធ្វើធម្មយាត្រាសន្តិភាព សុំសន្តិភាព និងសុំការដោះលែងចំណាប់ខ្មាំង ដែលមានអរិភាពជាមួយគ្នាកន្លងមកនេះ។
ការធ្វើធម្មយាត្រានេះ ដើម្បីបង្ហាញឱ្យអន្តរជាតិបានឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឮនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ទាំងសាសនិក ឬកាតូលិក ឥស្លាមសាសនា ដែលជាប្រជានុរាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវការសន្តិភាព ត្រូវការការរីកចម្រើន ត្រូវការស្ថេរភាព ចឹងមិនត្រូវការសង្គ្រាមទេ"។ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមជាមួយរាជរដ្ឋាភិបាល ហើយត្រូវមានទំនុកចិត្តក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលអាចធានាបានថា ទឹកដីកម្ពុជាមិនបាត់មួយមីលីម៉ែត្រ ហើយក៏មិនត្រូវការទឹកដីអ្នកដទៃមួយមីលីម៉ែត្រដែរ ។
ក្រោយមានអរិភាពនេះ ទូទាំងសកលលោកបានមើលឃើញច្បាស់ពីប្រជាជនកម្ពុជា និងមើលឃើញច្បាស់ពីការដឹកនាំរបស់សម្តេចទាំងទ្វេ តេជោ-ធិបតី ក្នុងកិច្ចការដឹកនាំ ដែលមិនជាអ្នកបង្កឱ្យមានបញ្ហា ជាមួយប្រទេសជិតខាងឡើយ តែផ្ទុយទៅវិញ មានតែអ្នកជិតខាងកម្ពុជានោះទេដែលធ្វើទង្វើមិនគោរពច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា កម្ពុជានៅតែមានជំនឿយ៉ាងមុតមាំថា យុត្តិធម៌នៅតែមានសម្រាប់កម្ពុជា៕
ដោយ: សួស សំរិត





