សាលាគណខេត្ត សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប រៀបចំពិធីកាន់ទុក្ខ ស្មឹងស្មាធិ៍ និងបង្សុកូលជូនវីរកងទ័ពខ្មែរដែលបានពលីក្នុងសមរភូមិព្រំដែនកម្ពុជា-ថៃ
AKP សៀមរាប ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- សាលាគណខេត្ត សហការជាមួយមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីកាន់ទុក្ខ ស្មឹងស្មាធិ៍ និងបង្សុកូលជូនវីរកងទ័ពខ្មែរដែលបានពលីក្នុងសមរភូមិព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ ពុទ្ធបរិស័ទទូទៅប្រមាណជិត ១.០០០អង្គ/នាក់។ 
ពិធីនេះប្រារព្ធឡើងនៅបរិវេណប្រាសាទប្រែរូប ក្រុងសៀមរាប។ ហើយការជ្រើសរើសយកទីតាំងប្រាសាទប្រែរូបដើម្បីប្រារព្ធពិធីនេះ គឺយោងទៅតាមជំនឿរបស់អ្នកស្រុកអង្គរ ដែលមានជំនឿតៗគ្នាថា ប្រាសាទប្រែរូប គឺជាឈាបនដ្ឋានពីសម័យកាលយូរលង់មកហើយ។ ការប្រារព្ធពិធីនៅប្រាសាទនេះ នឹងនាំឱ្យព្រលឹងរបស់វីរកងទ័ពយើងឆាប់បានចាប់កំណើត ឬបដិសន្ធិឡើងវិញ។ ហើយសូមឱ្យផលបុណ្យដែលព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបំពេញហើយ ឧទ្ទិសដល់វីរកងទ័ពខ្មែរគ្រប់រូបដែលបានពលីក្នុងបុព្វហេតុការពារជាតិកន្លងមកនេះ និងសូមឧទ្ទិសដល់បុព្វវីរក្សត្រ វីរកងទ័ពខ្មែរគ្រប់ជំនាន់ សូមបានដល់សុគតិភពកុំបីឃ្លាត។ យើងខ្ញុំ ចងចាំគ្រប់គំរូវីរភាពរបស់លោកជានិច្ច៕
ដោយ៖ ឃុត សៅ





