រដ្ឋបាលខេត្តសៀមរាបរៀបចំរថយន្តសម្រាប់ដឹកជញ្ជូនជនភៀសសឹកត្រឡប់ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង
AKP សៀមរាប ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- យោងតាមសំណូមពររបស់ជនភៀសសឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូនជូនជនភៀសសឹកពីខេត្តសៀមរាបត្រឡប់ទៅលំនៅឋានវិញនៅឯខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបងចំនួន ៤រថយន្ត ដើម្បីដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៣១នាក់ (ស្រី ២២នាក់)។ ជាមួយនឹងការដឹកជញ្ជូននេះ មានបងប្អូនទៅខេត្តឧត្តមានជ័យចំនួន ១៤នាក់( ស្រី ៩នាក់) ខេត្តបាត់ដំបងចំនួន ៦នាក់ (ស្រី ៤នាក់) និងខេត្តបន្ទាយមានជ័យចំនួន ១១នាក់ (ស្រី ៩នាក់)។

ជាមួយនឹងការវិលត្រឡប់ទៅកាន់គេហដ្ឋានវិញនោះ បងប្អូនប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងព្រះចៅអធិការវត្តដែលបានផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគបានគ្រប់គ្រាន់ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ។

រដ្ឋបាលខេត្តក៏សូមការយោគយល់ចំពោះការរៀបចំកន្លែងស្នាក់នៅដែលពុំទាន់បំពេញតាមតម្រូវការ និងឆ្លើយតបតាមសំណូមពររបស់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ មន្ត្រីដែលបានរៀបចំទីតាំងស្នាក់នៅ។ ទន្ទឹមនឹងនេះដែរ សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងអស់គ្នា៕

ដោយ៖ ឃុត សៅ





