អភិបាលខេត្តបន្ទាយមានជ័យជូនដំណើរវីរកងទ័ព ២រូបដែលជាសះស្បើយពីរបួស ត្រឡប់ទៅគេហដ្ឋានវិញ
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជូនដំណើរកងទ័ព ២រូបដែលរងរបួសក្នុងសមរភូមិឱ្យត្រឡប់ទៅគេហដ្ឋានវិញ បន្ទាប់ពីបានជាសះស្បើយពីរបួស។ ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥ នេះ។

វីរកងទ័ពទាំងពីររូបនេះបានរងរបួសកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតំបន់ថ្មបេះដូង ស្លាបឆ្វេងប្រាសាទតាមាន់។ ពួកគេត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី រហូតទទួលបានការជាសះស្បើយពេញលេញ។ វីរកងទ័ពទាំងពីររូបនេះមានឈ្មោះ ពលបាលឯក ហើស លឿ អាយុ ៤៤ឆ្នាំ រងរបួសបាក់ភ្លៅស្តាំ និងពលបាលឯក នួន សារ៉ាយ អាយុ ៥០ឆ្នាំ រងរបួសដៃស្តាំ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលរហូតទាល់តែកងទ័ពទាំងពីរនាក់បានជាសះស្បើយ។ ឯកឧត្តមក៏បានកោតសរសើរចំពោះស្មារតីអង់អាចក្លាហានរបស់កងទ័ពទាំងពីររូប ដែលបានលះបង់កម្លាំងកាយចិត្ត និងសុខភាពផ្ទាល់ខ្លួនក្នុងបុព្វហេតុជាតិមាតុភូមិ។

ការជូនដំណើរនេះ ជាការបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក៏ដូចជាការដឹងគុណចំពោះវីរភាពរបស់កងទ័ព ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ ពេលនេះ វីរកងទ័ពទាំងពីរអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារជាទីស្រលាញ់របស់ខ្លួនវិញហើយ៕
ដោយ៖ ឈុនសារ៉ាត





