ឯកឧត្តម ចាន់ ស៊ីណាត ឧទ្ទិសបុញ្ញាកុសលជូនវិញ្ញាណក្ខន្ធវីរៈយុទ្ធជនកងទ័ពជួបមុខ
AKP កំពង់ធំ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានឧទ្ទិសបុញ្ញាកុសលជូនវិញ្ញាណក្ខន្ធវីរៈយុទ្ធជនកងទ័ពជួបមុខ នៅក្នុងឱកាសដែលឯកឧត្តមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញប្រគេនទៀនវស្សា និងសំណេះសំណាលសួរសុខទុក្ខ ចែកអំណោយជូនជនភៀសសឹក និងពលករដែលបានធ្វើមាតុភូមិនិវត្តន៍ នៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម ចាន់ ស៊ីណាត បានបញ្ជាក់ថា ការលះបង់ពលីសាច់ស្រស់ឈាមស្រស់ អាយុជីវិតរបស់យុទ្ធជនជួរមុខ គឺជាគុណបំណាច់ដែលមិនអាចបំភ្លេចបាន និងស្ថិតនៅក្នុងបេះពលរដ្ឋខ្មែរគ្រប់រូបដែលពុះពារការពារជាតិមាតុភូមិពីការឈ្លានពានបង្កអរិភាព និងសង្គ្រាមបំភ្លេចបំផ្លាញប្រទេសជាតិដ៏ផូរផង់នៃយើង ក្រោមម្លប់សន្តិភាពដែលបានកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ឯកឧត្តមបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការដឹកនាំអភិវឌ្ឍន៍មូលដ្ឋានឃុំចំណាលើឱ្យខាងតែបាន ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធធានាសាស្ត្រ ការផ្ដល់សេវាផ្សេងៗ ជាពិសេសការលើកកម្ពស់សុខុមាលភាពជីវភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើទាំងមូលឱ្យកាន់តែប្រសើរឡើង ដូចជាផ្លូវបេតុងប្រវែងជាង ១០គីឡូម៉ែត្រកំពុងដំណើរការសាងសង់ឱ្យមានដំណើរការល្អប្រសើរ។

សូមបញ្ជាក់ថា នៅក្នុងពិធីនោះ ឯកឧត្តម ចាន់ ស៊ីណាត បានប្រគេននូវទៀនវស្សា ១គូ ទេយ្យទានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន និងបច្ច័យ ២លានរៀលក្នុងមួយវត្តដល់គ្រូចៅអធិកា លោកអាចារ្យ គណៈកម្មការវត្តទាំង៦ នៅក្នុងឃុំចំណាលើ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមក៍បានជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាដល់ពលករដែលបានធ្វើមាតុភូមិនិវត្តន៍ និងជនភៀសសឹកចំនួន ៦៣០នាក់ ក្នុងម្នាក់ៗទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ៣ម៉ឺនរៀល៕
ដោយ: ស៊ុម វណ្ណា





