អភិបាលខេត្តកំពង់ស្ពឺ ជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ មុនពេលចេញទៅបំពេញបេសកកម្មពិនិត្យព្យាបាលជូនដល់ជនភៀសសឹក និងបងប្អូនកងកម្លាំងជួរមុខ
AKP កំពង់ស្ពឺ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសហការី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ដែលត្រូវចេញទៅបំពេញពេលសកម្មពិនិត្យព្យាបាលជូនជនភៀសសឹក និង បងប្អូនកងកម្លាំងជួរមុខនៅខេត្តព្រះវិហាររយៈពេល ១០ថ្ងៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យ បានគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតការពារទឹកដី។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានបង្ហាញពីជំហររបស់មន្រ្តីសុខាភិបាលទាំងអស់ ដែលប្រកាន់ជំហរឈរជាប់ជាមួយកងទ័ពតាមរយៈការបម្រើសេវាថែទាំសុខភាពដល់កងទ័ព ក្រុមគ្រួសារ និងប្រជាជនទាំងអស់ប្រកបដោយគុណភាព និងការយល់ចិត្ត។ ឯកឧត្តមបណ្ឌិតជាម ច័ន្ទ សោភ័ណបានបន្ថែមថា យើងត្រូវប្តូរផ្តាច់ក្នុងការបម្រើសេវាសុខាភិបាលជូនវីរកងទ័ពទាំងអស់ និងបងប្អូនជនភៀសសឹក ធ្វើយ៉ាងណាឱ្យការបម្រើសេវាសុខាភិបាលបានកាន់តែល្អប្រសើរ ដោយត្រូវបន្តតាមដានដំណើរវិវត្តន៍ការជាសះស្បើយនេះ ទាំងការព្យាបាល របួសស្នាម សុខភាពផ្លូវកាយ និងផ្លូវចិត្ត។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានបន្ថែមថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជាជនភៀសសឹក ដែលបានជម្លៀសខ្លួនចេញពីតំបន់ប្រយុទ្ធគ្នា ក្នុងនោះក៏មានកម្លាំងសាមគ្គីពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមជួយរៀបចំកន្លែងសុវត្ថិភាព ក៏ដូចជាដោះស្រាយទីតាំងស្នាក់នៅ ការហូបចុក និងសុខាភិបាល ជូនប្រជាពលរដ្ឋយើងផងដែរ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់។ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួន ចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹម ដែលមិនអាចយកមកជាមួយបាន។ ទុក្ខលំបាកនេះ ធ្វើឱ្យយើងទាំងអស់គ្នាយល់យ៉ាងច្បាស់តម្លៃនៃសន្តិភាព។
ជាថ្មីម្តងទៀតឯកឧត្តមបណ្ឌិតជាម ច័ន្ទសោភ័ណ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយស្មោះអស់ពីចិត្តរបស់លោកគ្រូអ្នកគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្នុងការបំពេញបេសកកម្មដែលបានខិតខំប្រឹងប្រែង នឹងធ្វើឱ្យមានស្នាដៃល្អក្នុងការពិនិត្យព្យាបាលជួយដល់ជនភៀសសឹក និងបងប្អូនកងកម្លាំងជួរមុខ ដែលកំពុងការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន៕
ដោយ: លឹម សាន្ត





