លោកជំទាវ ភឿង សកុណា អញ្ជើញក្នុងពិធីអបអរសាទរខួបថ្ងៃបង្កើតអាស៊ានលើកទី៥៨
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបថ្ងៃបង្កើតអាស៊ានលើកទី៥៨ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោយសារមន្ទីរជាតិ។ ជារៀងរាល់ឆ្នាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតែងតែប្រារព្ធកម្មវិធីអបអរសាទរខួបនៃថ្ងៃបង្កើតអាស៊ាន ដែលមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ បណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបផងដែរ។

សម្រាប់ឆ្នាំ២០២៥ នេះ ដោយមានកិច្ចសហការចូលរួមពីបណ្តាស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្ត ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបង្ហាញពីស្នាដៃសិប្បកម្មប្រពៃណីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្ត ការឆ្លើយសំនួរទាក់ទងនឹងអាស៊ាន និងការសម្តែងសិល្បៈរបស់សិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ។

ឆ្លៀតក្នុងឱកាសអបអរសាទរខួបអាស៊ានលើកទី៥៨ នេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ”ចូរយើងបន្តពង្រឹងការបង្រួបបង្រួមគ្នា ថែរក្សាបេតិកភណ្ឌរួមគ្នារបស់មនុស្សជាតិយើង និងប្ដេជ្ញាចិត្តសហការគ្នាដើម្បីកសាងសហគមន៍អាស៊ានមួយដែលរឹងមាំប្រកបដោយបរិយាបន្ន មានភាពធន់ និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយៗតទៅ ៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





