អភិបាលខេត្តបន្ទាយមានជ័យនាំយកអំណោយជូនកុមារកំព្រាភៀសសឹកពីខេត្តឧត្តរមានជ័យ បង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយសប្បុរសជនមកពីទីក្រុងភ្នំពេញ កាលពីរសៀលថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនកុមារកំព្រាចំនួនជាង ៤០នាក់ ដែលបានភៀសខ្លួនពីជម្លោះប្រដាប់អាវុធនៅតាមព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ។ កុមារទាំងនេះកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅវិទ្យាល័យ ជប់ វ៉ារី ក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ រង់ចាំត្រឡប់ទៅផ្ទះវិញ។

សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

ឯកឧត្តម អ៊ុំ រាត្រី បានថ្លែងថា "រាជរដ្ឋាភិបាលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសពលរដ្ឋរងគ្រោះដែលបានជម្លៀសខ្លួនចេញពីលំនៅឋាននៅតាមព្រំដែនកម្ពុជា-ថៃ មកកាន់កន្លែងមានសុវត្ថិភាព"។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនដែលបានចំណាយពេលវេលា និងថវិកាដ៏មានតម្លៃដើម្បីចូលរួមចំណែកជួយដល់កុមារកំព្រា ក្រុមគ្រូពេទ្យ កងកម្លាំង និងលោកគ្រូ-អ្នកគ្រូដែលកំពុងបំពេញបេសកកម្មនៅទីនោះ។
អំណោយដែលបាននាំយកទៅផ្តល់ជូននោះរួមមាន អង្ករចំនួន ១០០ការ៉ុង (ទម្ងន់ ៥គីឡូក្រាមក្នុងមួយការ៉ុង) ព្រមទាំងសម្ភារប្រើប្រាស់ និងឃីតមួយចំនួនធំ សម្រាប់បែងចែកដល់កុមារកំព្រា ក្រុមគ្រូពេទ្យប្រចាំការ លោកគ្រូ-អ្នកគ្រូ និងកងកម្លាំង។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបន្ថែមថា រាជរដ្ឋាភិបាលតែងតែខិតខំស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីបញ្ឈប់ការបាញ់ប្រហារ ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញជាបន្តបន្ទាប់៕
ដោយ: ឈុនសារ៉ាត





