ក្រសួងមហាផ្ទៃទទួលថវិកាជាង៣០០លានរៀល និង៥ម៉ឺនដុល្លារអាម៉េរិក អង្ករជាង៣០តោនពីថ្នាក់ដឹកនាំ និងសប្បុរសជន
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ – ចលនាចូលរួមជាមួយក្រសួងមហាផ្ទៃដើម្បីគាំទ្រយុទ្ធជនជួរមុខ និងជនភៀសសឹក តាមការអំពាវនាវរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន និងកំពុងប្រព្រឹត្តទៅយ៉ាងសកម្មផលផុស ដោយមកទល់ពេលនេះក្រសួងបានទទួលការឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជន សរុបថវិកាចំនួន ៣៣៧,២៤៩,០០០រៀល និង៥០,៨៩២ដុល្លារអាម៉េរិក រួមទាំងអង្ករ៣៦,១០០គីឡូក្រាម នេះបើតាមការឱ្យដឹងពីលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។

លោក រ៉េន រតនៈថា គិតចាប់ពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ មកថ្នាក់ដឹកនាំ និងសប្បុរសជនថ្មី ដែលបន្តចូលរួមឧបត្ថម្ភគាំទ្រ រួមមានសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ រួមជាមួយលោកជំទាវ ស ពៅ និងក្រុមគ្រួសារថវិកា៥០លានរៀល។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលចំណុះអគ្គសវនកម្មផ្ទៃក្នុងថវិកា២៦លានរៀល និង៥០០ដុល្លារអាម៉េរិក។ ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអគ្គនាយកដ្ឋានរដ្ឋបាលថវិកា១ម៉ឺនដុល្លារអាម៉េរិក។ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំថវិកា៦១លានរៀល អង្ករ២៥តោន ថ្នាំពេទ្យ និងសម្ភារពេទ្យ១៦មុខ។ លោកស្រី វរសេនីយ៍ឯក ខាត់ ចន្ទ្រា ថវិកា១ពាន់ដុល្លារអាម៉េរិក និង Marjorie and Dr. Timothy Benadum ថវិកា៤លានរៀល។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់ជនភៀសសឹក និងកម្លាំងជួរមុខសរុបជាថវិកាចំនួន ១៨៦,២៤៩,០០០រៀល និងប្រាក់ដុល្លារ ២៨,៦៣៧ដុល្លារអាម៉េរិក ព្រមទាំងអង្ក២១តោន។ ដូចច្នេះគិតត្រឹមថ្ងៃនេះក្រសួងមហាផៃ្ទទទួលបានសរុបថវិកាចំនួន ៣៣៧,២៤៩,០០០រៀល និង៥០,៨៩២ដុល្លារ រួមទាំងអង្ករ៣៦,១០០គីឡូក្រាម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





