រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃ ក្នុងរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា គណៈសង្ឃនាយកទាំងពីរគណៈនឹងរៀបចំពិធីធម្មយាត្រាសន្តិភាពព្រះសង្ឃក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យមានការគោរពបទឈប់បាញ់ជានិរន្តរ៍ រក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនៃប្រទេសទាំងពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៥:០០នាទី ដោយមានព្រះសង្ឃចូលរួម សរុបចំនួន ២.៥៦៩អង្គ ដោយជួបជុំនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រួចដង្ហែក្បួនធម្មយាត្រាឆ្ពោះទៅកាន់វិមានឯករាជ្យ។
ដើម្បីឱ្យពិធីធម្មយាត្រាខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទនៅលើកំណាត់មហាវិថីព្រះនរោត្តមរហូតដល់វិមានឯករាជ្យ ចាប់ពីវេលាម៉ោង ១៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។
បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌ៧មករា មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

ដោយ: សួស សំរិត





