អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ យើងមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជា ទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រៅពីទទួលព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ថៃទាក់ទងនឹងការផ្ទុះមីនបង្កឱ្យមានរបួសទាហានថៃ ០៣ នាក់, យើងមិនទាន់មានព័ត៌មានបញ្ជាក់ច្បាស់លាស់ពីកម្លាំងជួរមុខកម្ពុជា ទាក់ទងនឹងការផ្ទុះមីននេះនៅឡើយទេ។ លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងថា កងទ័ពកម្ពុជាបាននិងកំពុងគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

លោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យបានបន្ថែមថា៖ «យើងសង្ឃឹមថាភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែល បានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ»៕
ដោយ៖ ប៊ុនរិទ្ធ





