ឯកឧត្តម សុខ លូ ចុះជួបសួរសុខទុក្ខយុទ្ធជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធិភូមភាគ៥
AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធ៌មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនដល់យុទ្ធជនដែលរងរបួសចំនួន ៣រូប ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធិភូមិភាគ៥ ពពីរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងបានថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុតក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ព្រមទាំងនាំយកអំណោយ និងសម្ភារមួយចំនួន ក៏ដូចជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីជាការគិតគូរដល់ជីវភាពរបស់វីរយុទ្ធជនជួរមុខ។

ឯកឧត្តមក៏បានផ្តល់សារលើកទឹកចិត្តដល់បងប្អូនវីរយុទ្ធជនរងរបួសទាំងអស់ ឱ្យសម្រាកព្យាបាល និងគោរពតាមវេជ្ជបញ្ជា ដើម្បីឆាប់បានជាសះស្បើយ និងអាចវិលត្រឡប់ទៅភូមិឋានរបស់ខ្លួន និងជួបជុំគ្រួសារវិញក្នុងពេលឆាប់ៗ៕

ដោយ: ណយ នឿន





