ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ អគារសិក្សា និងអគារមន្ទីរពេទ្យថ្មី អាចជួយឱ្យវិស័យអប់រំ និងសុខាភិបាល កាន់តែល្អប្រសើរឡើងនៅមូលដ្ឋាន
AKP កំពង់ធំ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា អគារសិក្សា និងអគារមន្ទីរពេទ្យថ្មី អាចជួយឱ្យវិស័យអប់រំ និងសុខាភិបាលកាន់តែល្អប្រសើរឡើងនៅមូលដ្ឋាន ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវអគារសិក្សាថ្មី ០១ខ្នង នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ និងអគារមន្ទីរពេទ្យថ្មី ០១ខ្នង ក្នុងមន្ទីរពេទ្យបង្អែកស្ទោង នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នេះ។

ថ្លែងក្នុងឱកាសដ៏ពិសេសនេះ លោកជំទាវ ជា សិរី បានគោរពកោតសរសើរខ្ពស់ដល់ភាពឆ្លៀសវៃរបស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាសង្គ្រាមឈ្លានពានរបស់សៀមប្រកបដោយសន្តិវិធី និងបញ្ញាញាណ ដើម្បីបញ្ចប់សង្គ្រាម ព្រមទាំងនាំមកនូវសន្តិភាព និងការសម្បូរសប្បាយឡើងវិញជូនជាតិមាតុភូមិ ជាពិសេសពុកម៉ែបងប្អូននៅតាមបន្ទាត់ព្រំដែន។

ទន្ទឹមនឹងនេះដែរ លោកជំទាវ ជា សិរី បានណែនាំ និងលើកទឹកចិត្តដល់សិស្សានុសិស្ស ជាពិសេសយុវតី ត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ និងទទួលបាននូវការងារល្អ ជាអ្នកដឹកនាំអង្គភាព ឬជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នណាមួយ ជាពិសេសគឺត្រូវមានគុណធម៌ សីលធម៌ ជាកូនល្អ សិស្សល្អ ជាយុវជនល្អ ជាទំពាំងស្នងឬស្សីសម្រាប់ជោគវាសនាអនាគតរបស់ប្រទេសជាតិក្រោមម្លប់សុខសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកជំទាវបានបន្តថា អគារសិក្សាថ្មី អគារមន្ទីរពេទ្យថ្មីនេះ និងរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងមូលដ្ឋាន ក៏ដូចជាជួយកសាងអភិវឌ្ឍន៍ស្រុកស្ទោងឱ្យកាន់តែល្អប្រសើរឡើង។ លោកជំទាវក៏បានអំពាវនាវដល់អ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមរស់នៅប្រកបដោយអនាម័យ និងត្រូវគោរពតាមវេជ្ជបញ្ជាដើម្បីឆាប់ជាសះស្បើយ បានត្រឡប់ទៅកាន់គេហដ្ឋានវិញ។
លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារអេស៊ីលីដា ដែលបានឧបត្ថម្ភគាំទ្រសម្រាប់កសាងនូវអគារសិក្សាដ៏ស្កឹមស្កៃជាចំណងដៃដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ អតីតទេសាភិបាលធនាគារជាតិ និងជាអតីតអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ក្នុងនាមលោកជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា អាគារសិក្សាថ្មីនៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ នេះមានកម្ពស់ ២ជាន់ ស្មើនឹង ១២បន្ទប់ និងអគារនៅមន្ទីរពេទ្យបង្អែកស្ទោងមានកម្ពស់ ២ជាន់ ស្មើនឹង ២៨បន្ទប់ ដែលមានបណ្ដោយ ៤៥ម៉ែត្រ និងទទឹង ១៨ម៉ែត្រ ព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខាមួយចំនួនទៀត៕
ដោយ៖ ស៊ុម វណ្ណា





