លោកជំទាវ សេង សុមេត្តា អញ្ជើញសំណេះសំណាលជាមួយពលករមកពីប្រទេសថៃចំនួន៤៤នាក់
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលជាមួយពលករខ្មែវិលត្រឡប់មកពីប្រទេសថៃចំនួន៤៤នាក់ ស្រី២០នាក់ នៅសាលាក្រុងព្រះសីហនុ។

លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ ក្រុងព្រះសីហនុមានពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៥៦នាក់ ស្រី២៤នាក់ និងបានចាកចេញទៅខេត្តផ្សេងៗវិញចំនួន០៦នាក់ ស្រី០១នាក់។ បច្ចុប្បន្នកំពុងស្នាក់នៅ និងធ្វើការនៅក្នុងក្រុងព្រះសីហនុ មានចំនួន៥០នាក់។ ហើយថ្ងៃទី០៨ ខែសីហានេះ យើងបានធ្វើការសំណេះសំណាលជាមួយពលករខ្មែរវិលពីប្រទេសថៃចំនួន ៤៤នាក់ ស្រី ២០នាក់ ក្នុងនោះ សង្កាត់លេខ១ ០៩នាក់ ស្រី០៣នាក់ សង្កាត់លេខ២ ០៩នាក់ ស្រី០៥នាក់សង្កាត់លេខ៣ ០៣នាក់ ស្រី០២នាក់ និងសង្កាត់លេខ៤ ២៣នាក់ ស្រី១០នាក់។

លោកអភិបាលក្រុងព្រះសីហនុបានបញ្ជាក់ថា រដ្ឋបាលក្រុងបានធ្វើការណែនាំដល់រដ្ឋបាលសង្កាត់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងមេភូមិធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយបងប្អូនពលករក្នុងការកំណត់ទីតាំង និងពេលវេលា ដើម្បីរង់ចាំទទួលជួបបងប្អូនពលករដោយផ្ទាល់។ ដើម្បីសម្របសម្រួលស្វែងរកការងារជូនពួកគាត់ ក្នុងករណីបងប្អូនពលករខ្វះខាត ឬបាត់បង់នូវឯកសារសម្គាល់ខ្លួនផ្សេងៗ ក្រុមការងារនឹងធ្វើការសម្របសម្រួលធ្វើជូនទៅតាមនីតិវិធី និងឋានានុក្រមព្រមទាំងបានជូនដំណើរទៅដល់ទីកន្លែងស្នាក់នៅរៀងៗខ្លួន។ ជាមួយគ្នានេះ អាជ្ញាធរសង្កាត់ និងភូមិនៅតែបន្តត្រួតពិនិត្យតាមដានក្នុងភូមិសាស្ត្រសង្កាត់ជាប្រចាំ ដើម្បីក្តាប់ព័ត៌មានពលករដែលវិល ត្រឡប់មកពីប្រទេសថៃឱ្យបានគ្រប់ជ្រុងជ្រោយ ។ ក្នុងចំណោមបងប្អូនពលករចំនួន ៥០នាក់ ស្រី ២៣នាក់ខាងលើ អ្នកដែលពេញវ័យមួយចំនួនបានចូលបំពេញការងារទៅតាមជំនាញរបស់ខ្លួនរៀងៗខ្លួនដូចជា សន្តិសុខ អ្នកអនាម័យ បុគ្គលិកកាស៊ីណូ កម្មកររោងចក្រ និងប្រកបរបរលក់ដូរដោយខ្លួនឯង។ មនុស្សពេញវ័យចំនួន ៤២នាក់ ស្រី ១៩នាក់ បានចូលបំពេញការងារ និងប្រកបរបរលក់ដូរចំនួន ២៤នាក់ ស្រី ០៨នាក់។ មិនទាន់បានចូលបំពេញការងារចំនួន ១៨នាក់ ស្រី ១១នាក់ (មូលហេតុ៖ សម្រាកមួយរយៈសិនទើបរកការងារធ្វើ)។

លោកជំទាវ សេង សុមេត្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះសីហនុ បានជម្រាបជូនពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញគោល នយោបាយប្រាក់សោធននិវត្តន៍ បណ្ណ ប.ស.ស និងបណ្ណសមធម៌សម្រាប់ជួយសម្រួលបន្ទុកដល់កម្មករ និយោជិត ប្រជាពលរដ្ឋក្រីក្រជាដើម។ ហើយការទៅធ្វើការនៅប្រទេស ថៃ ប្រាក់ស្នូលក៏មិនច្រើនជាងនៅកម្ពុជានោះដែរ ដោយសារបច្ចុប្បន្ន កម្ពុជានៅខ្វះកម្លាំង ពលកម្មបំរើការងារនៅតាមរោងចក្រ សហគ្រាសជាច្រើន ដោយឡែកនៅខេត្តព្រះសីហនុ នៅមានតម្រូវការកម្លាំងពលកម្មប្រមាណជា ៦ ០០០កន្លែង ដូច្នេះបងប្អូនអាចងាកមកធ្វើការងារនៅស្រុកយើង ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ លោកជំទាវ សេង សុមេត្តា ក៏បាននាំយកអំណោយឧបត្ថម្ភជូនពលករចំនួន ៤៤នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធ១កេស ត្រីខកំប៉ុង១យួរ កន្ទេល១ និងថវិកា១០ម៉ឺនរៀល៕
ដោយ ងូ សុមុនី





