ពិធីសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពដើម្បីបង្កើនភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំរុញការផ្សព្វផ្សាយឱកាសការងារជូនបងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ -- ឯកឧត្ដម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយបងប្អូនប្រធានសហព័ន្ធសហជីពចំនួន ១៣៦នាក់ នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ដើម្បីបង្កើនភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហព័ន្ធសហជីព ជាពិសេសជំរុញឱ្យសហជីពចូលរួមផ្សព្វផ្សាយឱកាសការងារជូនពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ។

ពិធីសំណេះសំណាលប្រចាំខែសីហានេះ ជាវេទិកាសម្រាប់បន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូរវាងក្រសួង និងថ្នាក់ដឹកនាំសហជីព ផ្លាស់ប្តូរយោបល់ ពិភាក្សាគ្នាលើសភាពការណ៍ថ្មីៗ បញ្ហាប្រឈម សំដៅដល់ការចូលរួមសម្របសម្រួល និងដោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមច្បាប់ ស្តីពីការងារ ដើម្បីធានាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ និងកោតសសើរចំពោះសហព័ន្ធសហជីពទាំងអស់ដែលបានបង្ហាញនូវស្មារតីគាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ។ ឯកឧត្ដម បានជំរុញឱ្យសហជីពចូលរួមឱ្យបានយ៉ាងសកម្មថែមទៀត ដើម្បីផ្សព្វផ្សាយឱកាសការងារជូនដល់បងប្អូនពលករខ្មែរដែលទើបបានត្រឡប់មកពីប្រទេសថៃ និងជួយសម្របសម្រួលពួកគាត់ឱ្យចូលធ្វើការងារក្នុងរោងចក្រ សហគ្រាស ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យបងប្អូនសហព័ន្ធសហជីពបង្កើននូវសាមគ្គីភាព ពិភាក្សាគ្នា ផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាបង្ការបញ្ហាប្រឈមដែលនឹងអាចកើតឡើង៕

ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)





