ឯកឧត្តម អ៊ុ រាត្រី ដឹកនាំពិធីបួងសួងសុំសេចក្តីសុខជូនកងទ័ព នៅប្រាសាទបន្ទាយទ័ព
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងសិស្សានុសិស្សរាប់រយនាក់ រៀបចំពិធីបួងសួងយ៉ាងមហោឡារិក ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់កងទ័ពជាតិដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែន។ ពិធីនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់វីរកងទ័ពកម្ពុជា ដែលបាននិងកំពុងបំពេញភារកិច្ចយ៉ាងក្លាហានក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិពីការឈ្លានពានរបស់សត្រូវសៀម ដែលមានបំណងចង់បានប្រាសាទ និងទឹកដីខ្មែរ។

ពិធីបួងសួងដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នេះ។ ការជ្រើសរើសទីតាំងប្រាសាទបុរាណបន្ទាយទ័ពនេះ គឺដើម្បីរំលឹកដល់ស្នាដៃវីរភាពរបស់ដូនតាខ្មែរដែលបានពលីជីវិតការពារទឹកដី ហើយក៏ជាការបង្ហាញពីស្មារតីសាមគ្គីជាតិរវាងកងទ័ព រដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុ រាត្រី បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពកម្ពុជាទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងសូម្បីតែជីវិត ដើម្បីការពារអធិបតេយ្យភាពជាតិ។ ឯកឧត្តម ចាត់ទុកកងទ័ពគឺជាខែលការពារដ៏រឹងមាំរបស់ប្រជាជាតិ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។

ជាមួយនោះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមចូលរួមបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនជូនដល់វីរកងទ័ព ទាំងអ្នកដែលកំពុងឈរជើងនៅសមរភូមិមុខ និងអ្នកដែលកំពុងបំពេញភារកិច្ចនៅតាមបណ្តាអង្គភាពនានា។ ការបួងសួងនេះ មិនត្រឹមតែជាការសុំសេចក្តីសុខទេ ប៉ុន្តែក៏ជាការបង្ហាញពីការគាំទ្រ និងការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ពផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់កងទ័ព។ ឯកឧត្តមក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជាគ្រប់ទម្រង់ទាំងអស់ មិនឱ្យនរណាម្នាក់មកបំពានបានឡើយ។
ពិធីបួងសួងនេះ បានបញ្ចប់ទៅប្រកបដោយបរិយាកាសដ៏ស័ក្តិសិទ្ធិ និងមានអត្ថន័យជ្រាលជ្រៅ ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ និងការរួបរួមគ្នាយ៉ាងស្អិតរមួតរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈក្នុងការការពារជាតិមាតុភូមិ៕
ដោយ៖ ឈុនសារ៉ាត





