សាលាគណខេត្តកំពង់ធំ ពុទ្ធិកវិទ្យាល័យព្រះសត្ថាបារមី វត្តឥន្រ្ទីយ៍សំវរៈប្រារព្ធ ពិធីបង្សុកូល និងសមាធិ ដើម្បីឧទ្ទិសមហាកុសលជូនដល់វីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ-មាតុភូមិ
AKP កំពង់ធំ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ -- ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ បានដឹកនាំព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ ប្រមាណជាង៥០០អង្គ/នាក់ ប្រារព្ធពិធីបង្សុកូល សមាធិរយៈពេល ៥នាទី ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិការពារបូរណភាពទឹកដីនៅទិសព្រំដែនកម្ពុជា-ថៃ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តឥន្រ្តីយ៍សំវរៈ (វត្តកំពង់ធំ) សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នេះ។

ព្រះទេពសត្ថា សៀង សុខ មានសង្ឃការពីការសោកស្ដាយអាឡោះអាល័យជាពន់ពេកចំពោះការបាត់បង់វីរយុទ្ធជនរបស់យើង ដែលបានលះបង់អាយុជីវិតដ៏អង់អាចក្លាហាននៅក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជាពីការឈ្លានពានទឹកដីពីសំណាក់ពួកចោរសៀម។ ការលះបង់ដ៏ធំធេងនេះ ក្នុងនាមជាព្រះសង្ឃទាំងអស់ និងជាប្រជាជនកម្ពុជា នឹងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា នឹងចងចាំជានិច្ចនូវគុណូបការ:ដ៏ថ្លៃថ្លានេះ ចារឹកទុកជាប្រវត្តិសាស្រ្ត និងរៀបចំដោះស្រាយគោលនយោបាយ ឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពឱ្យបានសរម្យ និងពិនិត្យមើលអំពីស្ថានភាពផ្ទះរបស់វីរយុទ្ធជនពលីក្នុងករណីមិនសមរម្យ ដើម្បីរៀបចំសាងសង់ផ្ទះថ្មីជូនពួកគាត់ឱ្យមានជម្រកស្នាក់នៅបានសមរម្យ ដោយឡែកចំពោះគ្រួសារយោធិនពលី ឬពិការ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចលុបចោលនូវបំណុលទាំងស្រុងដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយបន្ទុកក្នុងគ្រួសារ។

ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ មានសង្ឃដីការបន្ថែមទៀតនូវការគោរពដឹងគុណមិនអាចបំភ្លេចបាននូវវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីនេះ ដោយបានលំអោនកាយគោរពវិញ្ញាណក្ខន្ធ ដោយក្តីក្តុកក្តួលរំជួលចិត្តជាទីបំផុត និងបានសូមបួងសួងដល់វិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕






ដោយ៖ ស៊ុម វណ្ណា





