ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង ក្រសួងសង្គមកិច្ច អតីតិយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៦ ដែលមានថវិកាសរុប ចំនួន ៩ ០៣២ ៨៩៦ ០០ លានដុល្លារអាម៉េរិក ដែលអនុវត្តគម្រោង និងចំណាយផ្ទាល់ដោយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងបានប្រព្រឹត្តទៅ ដោយភាគីក្រសួងតំណាងដោយ ឯកឧត្តមបណ្ឌិត ស៊ូនី វង្សពិសិដ្ឋ រដ្ឋលេខាធិការតំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយភាគីអង្គការ សមាគមតំណាងដោយប្រធានអង្គការ សមាគមទាំង ១៦។ តាមរយៈគម្រោងការ ក្រុមក្រុមគោលដៅជាជនរងគ្រោះនិងងាយរងគ្រោះដូចជា កុមារ ចាស់ជរា ជនក្រីក្រ និងជនពិការ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម ព្រៃវែង សៀមរាប និងខេត្តព្រះសីហនុ ដែលទទួលបានផលពីការអនុវត្តគម្រោងកម្មវិធីរបស់អង្គការ សមាគមទាំង ១៦។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណដល់អង្គការ ដែលមានកិច្ចសហប្រតិបត្តិការជាមួយក្រសួង ត្រូវបន្តអនុវត្តសកម្មភាពរបស់ខ្លួនសំដៅជួយដល់ក្រុមគោលដៅក្នុងវិស័យសង្គមកិច្ច ជាពិសេស កុមារ ចាស់ជរា ជនទីទ័លក្រ ស្ត្រី និងជនពិការ ព្រមជាមួយនេះ ឯកឧត្តមបណ្ឌិតបានជំរុញ និងលើកទឹកចិត្តដល់អង្គការ សមាគមជ្រើសរើសជនពិការចូលរួមបម្រើការងារនៅតាមស្ថាប័នរបស់ខ្លួន ទៅតាមលទ្ធភាពដែលអាចធ្វើបាន និងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់សហគមន៍ ជាពិសេស កុមារដែលស្ថិតនៅក្នុងគ្រួសារក្រីក្រមានបណ្ណសមធម៌ ក្រោយពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ សូមទំនាក់ទំនងទៅខាងរដ្ឋបាលឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភជាដើម៕


ដោយ៖ គង់ សិរីរ័ត្ន





