អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តយកចិត្តទុកដាក់សម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋខ្មែរមកពីប្រទេសថៃ
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- អាជ្ញាធរនគរបាលខេត្តបន្ទាយមានជ័យនៅតែបន្តបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ តាមរយៈការសម្របសម្រួល និងការរៀបចំមធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើដំណើររបស់ពួកគាត់ត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួន។

តាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានចាត់កម្លាំងជាប្រចាំដើម្បីបំពេញបេសកកម្មមនុស្សធម៌នេះ។ កាលពីថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ផែនការងារកិច្ចការប៉ុស្តិ៍ បានដឹកនាំកម្លាំងនគរបាល ១៥នាក់ សហការជាមួយរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចុះជួយសម្របសម្រួលដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល បានមានប្រសាសន៍ថា ក្នុងរយៈពេលពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៤:០០ល្ងាចថ្ងៃសុក្រ ពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃសរុបមានចំនួន ២៧៤នាក់ (ស្រី ១១៨នាក់)។ ក្នុងចំណោមនោះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានប្រើប្រាស់រថយន្តចំនួន ១៨គ្រឿង ដើម្បីដឹកជញ្ជូនពួកគាត់ទៅកាន់បណ្តាខេត្តគោលដៅ។ ក្នុងនោះមាន ពលរដ្ឋ ២៧៣នាក់ ត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តបន្ទាយមានជ័យ (ស្រី ១១៨នាក់) និងពលរដ្ឋ ០១នាក់ ត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តបាត់ដំបង។ ការដឹកជញ្ជូននេះត្រូវបានធ្វើឡើងជា ១៨លើក ដើម្បីធានាថា ពលរដ្ឋទាំងអស់ត្រូវបានបញ្ជូនទៅដល់គោលដៅដោយសុវត្ថិភាព និងឆាប់រហ័ស។

ពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ចំពោះជីវភាព និងសុវត្ថិភាពរបស់ពួកគាត់។ តាមរយៈសកម្មភាពដ៏មានអត្ថន័យនេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ការបន្តផ្តល់សេវាដឹកជញ្ជូនដល់ពលរដ្ឋដែលវិលត្រឡប់មកវិញនេះ មិនត្រឹមតែជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពកក់ក្តៅ និងការទទួលខុសត្រូវរបស់រដ្ឋចំពោះពលរដ្ឋគ្រប់រូបផងដែរ។ ការងារនេះនឹងបន្តធ្វើឡើងជាប្រចាំដើម្បីធានាថា ពលរដ្ឋខ្មែរទាំងអស់អាចធ្វើដំណើរត្រឡប់ទៅកាន់គ្រួសាររបស់ពួកគាត់ដោយសុវត្ថិភាព និងក្តីសង្ឃឹម៕
ដោយ: ឈុនសារ៉ាត





