ឯកឧត្តម អ៊ុ រាត្រី នាំយកថវិកា និងសម្ភារៈឧបត្ថម្ភជូនកងទ័ពដែលមានបញ្ហាសុខភាពដោយផ្សែងពុល នៅពេទ្យមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងក្រុមការងារ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈឧបត្ថម្ភមួយចំនួនទៅជូនវីរកងទ័ពចំនួន ៤រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។ កងទ័ពទាំង ៤រូបនេះ មានបញ្ហាសុខភាពដោយសារស្រូបផ្សែងពុល ដែលត្រូវបានបាញ់ដោយភាគីថៃ កាលពីពេលប៉ះទង្គិចគ្នានៅសមរភូមិមុខ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុកដោយក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ជំនួយឧបត្ថម្ភនេះ គឺដើម្បីលើកទឹកចិត្ត និងរួមចំណែកសម្រាលការលំបាកក្នុងការព្យាបាលជូនដល់វីរយុទ្ធជនទាំងអស់។

ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះភាពអង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងជីវិតដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ការលះបង់ទាំងនេះ គឺជាការរួមចំណែកដ៏មានតម្លៃបំផុតក្នុងការធានាសន្តិសុខ និងសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមង្គលបូរី ដែលបានយកចិត្តទុកដាក់ និងផ្តល់សេវាព្យាបាលយ៉ាងល្អប្រសើរជូនដល់កងទ័ព។ ឯកឧត្តមក៏បានជូនពរឱ្យវីរយុទ្ធជនទាំងអស់ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួនអាចត្រឡប់ទៅបំពេញភារកិច្ចនៅអង្គភាពវិញនាពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភដែលឯកឧត្តម អ៊ុ រាត្រី បានផ្តល់ជូនកងទ័ពម្នាក់ៗនោះរួមមាន អង្ករ ២៥ គីឡូក្រាម ទឹកបរិសុទ្ធ ០១កេស មី ០១កេស ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ត្រីខកំប៉ុង ០១យួរ និងថវិកាមួយចំនួន៕


ដោយ: ឈុនសារ៉ាត





