គ្រួសារកងទ័ព និងពលករ ពលការនីដែលបានត្រឡប់ពីប្រទេសថៃ បានទទួលជំនួយពីអាជ្ញាធរខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមជាមួយរដ្ឋបាលខេត្តជួយបឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ សម្ភារបរិក្ខាពេទ្យ គ្រឿងទេស ថ្នាំមូស និងគ្រឿងឧបភោគបរិភោគផ្សេងៗតាមលទ្ធភាព ដើម្បីរួមចំណែកក្នុងការគាំទ្រ និងលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងឧបត្ថម្ភដល់ជនភៀសសឹក ពលករ ពលការនីដែលបានត្រឡប់ពីប្រទេសថៃដែលកំពុងត្រូវការជំនួយជាចាំបាច់។ លោកអភិបាលរងបានថ្លែងដូចនេះ ក្នុងឱកាសដែលលោកចុះសាកសួរសុខទុក្ខគ្រួសារកងទ័ព និងពលករ ពលការនីដែលបានត្រឡប់ពីប្រទេសថៃកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង និងរួមទាំងក្រុមការងារជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក សាន់ យូ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុកពីប្រមុខរារដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងពលករភៀសសឹកមកពីប្រទេសថៃដែលកំពង់ចាកចេញពីខេត្តឧត្ដរមានជ័យដោយសារសៀមឈ្លានពាន។

ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីបងប្អូនទាំងអស់គ្នានោះទេ គឺតែងតែនឹករលឹកជានិច្ច បើទោះបីជាមិនបានរស់នៅជាមួយគ្នា ពិតមែន ក៏ប៉ុន្តែសុខទុក្ខទាំងឡាយរបស់បងប្អូនទំាងអស់ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ។

ទន្ទឹមនឹងនេះដែរ លោកបានបន្តថា បងប្អូនពលករទាំងអស់ដែលទើបមកពីប្រទេសថៃ សូមស្តាប់តាមការណែនាំ របស់អាជ្ញាធរក្នុងការស្វែងរការងារធ្វើបន្តទៀត ដែលបច្ចុប្បន្ន មានរោងចក្រ សហគ្រាសជាច្រើនកំពុងមានតម្រូវការកម្លាំងពលកម្មសម្រាប់បម្រើការងារទាំងនៅក្នុងខេត្ត និងនៅរាជធានីភ្នំពេញដោយមានឱកាសការងារដ៏ច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងអត្ថប្រយោជន៍នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជាការគិតគូររបស់រាជរដ្ឋាភិបាល។

ក្នងបរិបទនេះ លោកអភិបាលរងបានបញ្ជាក់ទៀតថា ពួកយើងខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រ និងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើង និងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីរបស់យើង។

ក្នុងឱកាសនោះ លោកអភិបាលរង មន្ត្រីអមដំណើរ ក្រុមការងារ និងសប្បុរសជន បានឧបត្ថម្ភជួយដល់ពលករ ពលការិនីចំនួន ១៥១គ្រូសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ០២ការ៉ុង មី ០២កេស ទឹកស៊ីអ៊ីវ ០២យួរ ទឹកត្រី ០២យួរ ស្ករស ០២គីឡូកាម អំបិល ០២គីឡូក្រាម ឃីត ឥ១កញ្ចប់ និងថវិកាមួយចំនួន៕
ដោយ: បៃ ស៊ីថុន





