លោកជំទាវជា សិរី គោរពដឹងគុណខ្ពស់ដល់វីរភាពលោក ជួង លៀប ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ
AKP កំពង់ធំ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ -- លោកជំទាវ ជា សិរី ទេសាភិបាលធនាជាតិនៃកម្ពុជាបានគោរពដឹងគុណខ្ពស់ដល់វីរភាពលោក ជួង លៀប ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ នៅក្នុងឱកាសដែលលោកជំទាវ និងសហការីបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពលោក ជួង លៀប នៅភូមិព្រំស្រី ឃុំរុងរឿង ស្រុកស្ទោងខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២៥។

លោកជំទាវបានចូលរួមសម្ដែងសមានចិត្តរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយភរិយា និងកូនៗរបស់លោក ជួង លៀប ដែលបានបាត់បង់នូវស្វាមី និងឪពុកជាទីគោរពស្រលាញ់មិនអាចជួបគ្នាវិញបានទៀត ក្នុងនាមបុព្វហេតុការពារជាតិមាតុភូមិដ៏ផូរផង់នៃយើងពីការបង្ករសង្គ្រាមឈ្លានពានយ៉ាងកម្រោលរបស់ចោរសៀម ហើយបានណែនាំដល់ភរិយា និងកូនៗត្រូវនាំគ្នាថែរក្សាសុខភាពឱ្យបានល្អប្រសើរជាពិសេសកូនប្រុសដែលនៅរៀនវិទ្យាល័យ ហ៊ុនសែនរុងរឿង ត្រូវបន្តសិក្សារៀនសូត្រឱ្យបានពូកែ និងទទួលបានលទ្ធផលល្អក្នុងឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរ ភរិយា និងកូនៗលោក ជួង លៀប បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធនាគារ LOLC ដែលបានលុបបំណុលទាំងស្រុងរបស់ក្រុមគ្រួសារគាត់ែលបានខ្ចី ដែលនេះគឺជាផ្នែកមួយក្នុងការលើកកម្ពស់ជីវភាព និងកាត់បន្ថយនូវបន្ទុកគ្រួសារគាត់មួយកម្រិតខ្ពស់។

ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានកោតសរសើរខ្ពស់ដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី ដែលបានរៀបចំចាត់ចែងសម្របសម្រួលធ្វើបុណ្យជូនសពលោក ជួង លៀប តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាយ៉ាងសក្តិសម និងគួរជាទីមោទនភាពក្រៃលែង ក្នុងនាមលោកជាវីរជនដែលស្ថិតនៅក្នុងការចងចាំរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង និងពលរដ្ឋខ្មែរគ្រប់ៗរូប។

ក្នុងឱកាសនោះ លោកជំទាវបានចូលរួមនូវថវិកាចំនួន ១០លានរៀល គ្រឿងឧបភោគបរិភោគមួយចំនួន និងបានចែកទានដល់អ្នកដែលបានចូលរួមព្រមទាំងកុមារផងដែរ៕

ដោយ: ស៊ុម វណ្ណា





