សម្ដេចតេជោ ហ៊ុន សែន៖ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ --ក្នុងខណៈដែលសាកលវិទ្យាល័យថៃមួយបាន បោះឆ្នោតដកហូតសញ្ញាបត្រ ពីសម្ដេចតេជោ ហ៊ុន សែននោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ទសភា នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ ដោយសម្ដេចបានបញ្ជាក់ថា ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុន សែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា។
នៅលើបណ្ដាញទំនាក់ទំនងសង្គម នាយប់ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំឭថា សាកលវិទ្យាល័យថៃមួយនោះដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ។ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ព ចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ។ សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។» សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុនសែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា៕

ដោយ៖ ជឹម ណារី





