រដ្ឋបាលក្រុងព្រះសីហនុនាំអំណោយលើកទី២ ជូនស្នងការរងភស្តុភារហិរញ្ញវត្ថុគោលដៅទិសទី១ ប្រាសាទព្រះវិហារ
AKP ព្រះសីហនុ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- លោក សរ កក្កដា អភិបាលនៃគណ:អភិបាលក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ នាថ្ងៃសុក្រ ទី០៨ ខែសីហា ឆ្នាំ២០២៥ បានចាត់គណៈប្រតិភូសាលាក្រុងព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដែលបានមកពីបងប្អូនសប្បុរសជនក្នុងក្រុងព្រះសីហនុ ឧបត្ថម្ភជូនស្នងការរងភស្តុភារហិរញ្ញវត្ថុគោលដៅទិសទី១ ខេត្តព្រះវិហារ។
តាមការឱ្យដឹងពីលោកអភិបាលក្រុងព្រះសីហនុ នេះជាអំណោយលើកទី២ ដែលរដ្ឋបាលសាលាក្រុងព្រះសីហនុ បាននាំយកទៅឧបត្ថម្ភជូនដល់ស្នងការរងភស្តុភារហិរញ្ញវត្ថុគោលដៅទិសទី១ ប្រាសាទព្រះវិហារ។ តាងនាមឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៃរដ្ឋបាលក្រុងព្រះសីហនុ បាននាំយកនូវអំណោយរបស់សប្បុរសជនខ្មែរ និងជនបរទេសដែលបានចូលរួមឧបត្ថម្ភតាមរយ:សាលាក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដើម្បីយកមកធ្វើការចែកជូនបងៗវីរកងទ័ពដែលប្រចាំការនៅតាមខ្សែបន្ទាត់ជួរមុខ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលកំពុងត្រូវការនូវអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ចំពោះមុខ។

លោកអភិបាលក្រុងព្រះសីហនុក៏បានបញ្ជាក់ថា អំណោយដែលនាំយកទៅលើកទីពីរនេះ គឺជាការចូលរួមរបស់បងប្អូនសប្បុរសជន ហើយសម្ភារទាំងអស់នេះមានជាច្រើនមុខ ច្រើនប្រភេទដូចជាគ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារប្រើប្រាស់ និងម៉ូតូជាដើម ក្នុងនាមសាមគ្គីគ្នាសមរភូមិក្រោយប្រកៀកស្មាជាមួយនឹងសមរភូមិមុខ ទោះបីពួកយើងមិនបាននៅសមរភូមិមុខក៏ពិតមែន ក៏ប៉ុន្តែទឹកចិត្តស្រឡាញ់ជាតិ មាតុភូមិកម្ពុជា មាននៅជាប់ក្នុងក្រអៅ បេះដូងកូនខ្មែរគ្រប់រូប ហើយអំណោយទាំងអស់នេះគឺយើងយកមកប្រគល់ដល់ដៃបងប្អូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនោះ រដ្ឋបាលក្រុងព្រះសីហនុនឹងព្យាយាមកៀរគរបន្ថែមទៀតនូវអ្វីដែលវីរកងទ័ពរបស់យើងត្រូវការជាចាំបាច់ ដើម្បីយកមកដល់ដៃវីរយុទ្ធជនរបស់យើង។


លោក ឧត្តមសេនីយ៍ទោ ថុក គឹមសាន ស្នងការរងភស្តុភារហិរញ្ញវត្ថុគោលដៅទិសទី១ ប្រាសាទព្រះវិហារ បានថ្លែងអំណរគុណដល់លោកអភិបាល នៃគណ:អភិបាលក្រុងព្រះសីហនុ ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនសប្បុរសជនក្នុងក្រុងព្រះសីហនុ ដែលបានចូលរួមបរិច្ចាកជាសម្ភារ ថវិកាទៅតាមលទ្ធភាព ហើយថ្ងៃនេះមានដូចជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ ថ្នាំពេទ្យ និងម៉ូតូចំនួន៥គ្រឿង។ នេះជាទឹកចិត្តចូលរួមជាមួយវីរកងទ័ពរបស់យើង ហើយយើងខ្ញុំនឹងសន្យាថានឹងខិតខំយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតីក្នុងកិច្ចការពារបូរណ ភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ មិនឱ្យមានការឈ្លានពានពីកងទ័ពថៃបាននោះទេ និងសូមជូនពរចំពោះលោកអភិបាលក្រុងព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនសប្បុរសជនទាំងអស់មានសុខភាពល្អ សេចក្តីសុខ រកស៊ីទទួលទានមានបានថែមទៀតក្នុងស្មារតី ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ ខ្មែរជួយគ្នាក្នុងគ្រាអាសន្ន ដើម្បីខឿនការពារជាតិរបស់យើង។

សូមរម្លឹកថា កាលពីថ្ងៃទី២៩ និង៣០ ខែកក្កដា ឆ្នាំ២០២៥ កន្លងមក លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ក៏បានដឹកនាំគណ:ប្រតិភូសាលាក្រុងព្រះសីហនុ នាំយកអំណោយជាគ្រឿងបរិភោគ ឧបភោគ សម្ភារប្រើប្រាស់ ថ្នាំពេទ្យ និងថវិកាប្រគល់ជូនវីរកងទ័ព និងរដ្ឋបាលខេត្តព្រះវិហា ខេត្តព្រះវិហា និងជនភៀសសឹក និងវីរកងទ័ព ប្រចាំការនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
ដោយ ងូ សុមុនី





