អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាជំទាស់ជាខ្លាំងទៅនឹងការលើកឡើងដែលមានលក្ខណៈជាការបង្ករឿង និងជាការបំភាន់ការពិតរបស់យោធាថៃ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥–ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបង្ហាញនូវការជំទាស់ជាខ្លាំងទៅនឹងការលើកឡើងដែលមានលក្ខណៈជាការបង្ករឿង និងជាការបំភាន់ការពិតរបស់យោធាថៃ ដែលបានធ្វើការចែកផ្សាយជាសាធារណៈនៅលើបណ្តាញសង្គមកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដែលជាការចោទប្រកាន់មកលើកម្ពុជាថាកម្ពុជាកំពុងតែធ្វើសង្គ្រាមបំភាន់ការពិត ដែលវាមិនត្រឹមតែជាការចោទប្រកាន់ដោយគ្មានមូលដ្ឋានប៉ុណ្ណោះទេ តែថែមទាំងមានលក្ខណៈរាំងស្ទះដល់លទ្ធភាពនៃការខិតខំប្រឹងប្រែងដើម្បីសន្តិភាពថែមទៀតផង។ ការបង្ហាញប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។


ឯកឧត្តម ជុំ សុន្ទរី មានប្រសាសន៍ថា កម្ពុជាសូមធ្វើការបដិសេធចោលយ៉ាងដាច់អហង្កាចំពោះការចោទ ប្រកាន់ដោយគ្មានមូលដ្ឋាននេះ ដែលវាបានពណ៌នាយ៉ាងខុសឆ្គងអំពីការតាំងចិត្តរបស់កម្ពុជាចំពោះសន្តិភាព តម្លាភាព និងការគោរពចំពោះច្បាប់អន្តរជាតិ។ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់យោធាថៃ ចំពោះការទូតរបស់កម្ពុជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឆ្លើយតបថា កម្ពុជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីការតាំងចិត្តរបស់ខ្លួនជាប់ជាប្រចាំ និងដោយស្មោះចំពោះកិច្ចសន្ទនាដោយសន្តិវិធី ជាសក្ខីភាពបង្ហាញឱ្យឃើញពីការចូលរួមដ៏សកម្មរបស់កម្ពុជានៅក្នុងយន្តការ គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ និងការសម្របសម្រួលធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិនានា ហើយចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជាថាបានចូលរួមក្នុងការចរចាត្រឹមតែជាចេតនាអាក្រក់នោះ គឺវាមិនត្រឹមតែមិនសមហេតុសមផលប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ទៅដល់ស្មារតីនៃកិច្ចសហប្រតិបត្តិការថែមទៀតផង។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវដល់ភាគីថៃសូមឱ្យ ប្រកាន់យកនូវការអត់ធ្មត់ និងមានវិជ្ជាជីវៈនៅក្នុងការទំនាក់ទំនងជាសាធារណៈរបស់ខ្លួន ចៀសវាងនូវការចេញផ្សាយនូវអ្វីៗដែលគ្មានមូលដ្ឋានសម្អាង ដែលមានលក្ខណៈជាការគម្រាមកំហែងដល់សន្តិភាពដែលកំពុងតែផុយស្រួយនោះ៕
ដោយ៖ ចាន់ សុភឿន





