ស្រុកសូទ្រនិគម ខេត្តសៀមរាប មានជនភៀសសឹកសរុបជាង២ពាន់នាក់ ខណៈជនភៀសសឹកកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅស្រុកស្រីស្នំ មានជិត ៤ពាន់នាក់
AKP សៀមរាប ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៥ -- គិតចាប់តាំងតែពីមានការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឈ្លានពានថៃរយៈពេល៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ ជនភៀសសឹកនៅស្រុកសូទ្រនិគម ខេត្តសៀមរាបមានចំនួន៦៥២គ្រួសារស្មើនឹង ២ ២៧៦ នាក់ ខណៈប្រជាពលរដ្ឋជាជនភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងស្រុកស្រីស្នំ មានប្រមាណ ៣ ៩៩៨ នាក់។។

លោក គីម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រ និគម ខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា សម្រាប់ពលរដ្ឋជាជនភៀសសឹកដោយសារការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជាជាមួយកងទ័ពឈ្លានពានពីប្រទេសថៃនេះធ្វើឡើងភាគច្រើនចាប់ពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៥ពោលគឺក្រោយការវាយប្រយុទ្ធគ្នាមួយថ្ងៃរួចមក។ លោកអភិបាលបានបញ្ជាក់ថា៖ «សម្រាប់ចំនួនបងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹកទាំង១០ឃុំ ក្នុងស្រុកសូទ្រសូនិគម គិតចាប់ពីថ្ងៃទី ២៥ ខែ កក្កដា រហូតមកដល់ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៥យើងមានចំនួនច្រើនរហូតដល់ ១ ៣៥១ គ្រួសារ និងសរុបបងប្អូនជនភៀសសឹក ៤ ២៥០ នាក់ ក្នុងនោះមានចាស់ជរា ជនពិការ ស្រ្តីមានកូនតូច ស្រ្តីមានផ្ទៃពោះនិងសិស្សានុសិស្សច្រើន»។

លោកអភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគមបានបន្ដថា ទោះបីយ៉ាងណា ក្រោយពីស្ថានភាពស្ងប់ស្ងាត់អំឡុងថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២៥ គឺពលរដ្ឋមួយចំនួនបានវិលត្រឡប់ទៅផ្ទះសម្បែងវិញខ្លះ។ តែបន្ទាប់ពីមានព្រឹត្តិការណ៍កងទ័ពថៃចង់វាយប្រហារឡើងវិញម្តងទៀត ពួកគាត់ក៏វិលមកកាន់ជំរុំស្នាក់នៅសុវត្ថិភាពយ៉ាងច្រើនឡើងវិញផងដែរ។ លោកអភិបាលបានបន្ថែមថា៖ «សម្រាប់គិតមកដល់ពេលនេះមានបងប្អូនជនភៀសសឹកដែលមករស់នៅបណ្តោះអាសន្នតាមឃុំទាំង១០នៃស្រុកសូត្រនិគម សរុបមានចំនួន ៦៥២ គ្រួសារ ស្មើនឹង២ ២៧៦ នាក់»។

ពាក់ព័ន្ធនឹងការស្នាក់នៅបណ្ដោះអាសន្នរបស់ជនភៀសឹកនេះដែរ លោក ហម សុផល នាយករដ្ឋបាលសាលាស្រុកស្រីស្នំ ខេត្តសៀមរាបបញ្ជាក់ថ្លែងបញ្ជាកល់ឱ្យដឹងដែរថា ថចាប់តាំងតែមានការវាយប្រយុទ្ធគ្នាខ្លាំងក្លាយរវាងប្រទេសទាំងពីរឃើញថាពលរដ្ឋកម្ពុជាដែលរស់នៅតាមព្រំដែនបាននាំគ្នាចាកចេញពីផ្ទះសម្បែងយ៉ាងច្រើន ដើម្បីរកទីសុវត្ថិភាព។ លោកបានលើកឡើងថា គ្រាន់តែក្នុងជំរុំវត្តជ្រោយនាងនួនមួយគឺមានជនភៀសសឹកនៅ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាបមានចំនួនសរុប ១ ០០៣គ្រួសារ ស្មើនឹង ៣ ៩៩៨នាក់។

លោក ហម សុផល បានថ្លែងបញ្ជាក់ថា ដោយសារការប្រមូលផ្តុំប្រជាពលរដ្ឋមករស់នៅច្រើនធ្វើឱ្យអាជ្ញាធរបានយកចិត្តទុកដាក់បំផុតទៅលើការសម្អាតបរិស្ថានអនាម័យ និងក្រៅពីនេះបញ្ហាសុខភាពប្រជាពលរដ្ឋក៏បានយកចិត្តទុកដាក់ខ្ពស់ផងដែរ។ លោកបានបញ្ជាក់ឱ្យដឹងផងដែរថា៖ «សម្រាប់នៅជំរុំជនភៀសសឹកនេះដែរគឺមានការទុកដាក់សំរាម បង្គន់អនាម័យចំនួន២០សម្រាប់ការប្រើប្រាស់របស់បងប្អូនរបស់យើង។ ក្រៅពីនេះនេះអ្វីដែលសំខាន់មួយទៀតគឺការព្យាបាលរោគជំងឺកុមារជាជនភៀសសឹកដែលតែងកើតអាការៈក្តៅខ្លួន និងចាស់ជរាមានជំងឺប្រចាំកាយ»។

ជាមួយគ្នានេះដែរ លោក ហម សុផល នាយករដ្ឋបាលសាលាស្រុកស្រីស្នំ ខេត្តសៀមរាបបានអះអាងផងដែរថាអាជ្ញាធរមូលដ្ឋាននឹងជួយជ្រោមជ្រែងពួកគាត់ដើម្បីឱ្យការស្នាក់នៅក្រៅពីមានបរិស្ថានស្អាតល្អ មានអនាម័យ ចៀសឆ្ងាយពីជំងឺហើយចំពោះការផ្តត់ផ្គង់ស្បៀងអាហារក៏មានជួយជ្រោមជ្រែងពីសម្បុរសជន និងអាជ្ញាធរមូលដ្ឋានផងដែរ៕

ដោយ៖ មករា រូបថត៖ សំ សាម៉ន





