ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បង្ហាញពីគោលនយោបាយបរិវត្តកម្មឌីជីថលកម្ពុជា ជូនសហគ្រិនចិនជាង១ម៉ឺននាក់ ក្នុងទីក្រុងស៊ិនជិន ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥-- ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច សង្គម សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (អេស្កាប់) បានអញ្ជើញជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកម្មវិធីបើកកម្មវិធីមហោស្រពម៉ាកយីហោចិនលើកទី១៩ (The 19th China Brand Festival) ដែលប្រព្រឹត្តទៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នាទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន ក្រោមប្រធានបទ បញ្ញាសិប្បនិម្មិត និងសកលភាវូបនីយកម្ម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តបតាមការអញ្ជើញរបស់គណៈកម្មាធិការរៀបចំមហោស្រពម៉ាកយីហោរបស់ប្រទេសចិន និងលោក Andy Wang ស្ថាបនិក និងជាប្រធានប្រតិបត្តិសកលនៃ President Club (President Speech Union) ដែលមានអ្នកចូលរួមជាសហគ្រិនជន ជាតិចិនប្រមាណជា១ម៉ឺននាក់។ ប្រធានបទ នៃកម្មវិធី The 19thChina Brand Festival ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍នាពេលបច្ចុប្បន្ននៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដោយបច្ចេកវិទ្យាទាំងនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅស្ទើរគ្រប់វិស័យ ជាពិសេស បានធ្វើឱ្យការរស់នៅរបស់មនុស្ស កាន់តែប្រសើរឡើង។ បច្ចុប្បន្នចិនជាប្រទេសឈានមុខមួយនៅក្នុងពិភពលោក ក្នុងវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត និងបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការសាកល ដើម្បីអភិវឌ្ឍ និងចែករំលែកបច្ចេកវិទ្យាទាំងនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាបន្ន និងគាំទ្រដល់ការវិនិយោគនៅកម្ពុជា។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះ កម្ពុជាបានក្លាយខ្លួនជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងជាដៃគូដ៏មានសក្តានុពលមួយរបស់ចិន។ កម្ពុជាគឺជាច្រកដ៏សំខាន់មួយ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ក្នុងការពង្រីកបណ្តាញនៅក្នុងតំបន់ ដោយកម្ពុជាស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ាន បានធ្វើសមាហរណកម្មស៊ីជម្រៅជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសជាច្រើន។ ជាមួយគ្នានេះ កម្ពុជាបានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចបំពេញតម្រូវធនធានមនុស្ស និងរួមចំណែកក្នុងភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ។ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីចក្ខុវិស័យ និងតួនាទីដ៏សំខាន់របស់ចិន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ក្នុងការរក្សាស្ថិរភាព និងអភិវឌ្ឍទូទាំងសាកលលោក ជាពិសេសតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ខណៈពិភពលោកកំពុងតែប្រឈមនឹងបញ្ហាបណ្តាលមកពីជម្លោះប្រដាប់អាវុធ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការីកសាយនៃការការពារនិយម ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងច្បាស់ទំលាប់ពិភពលោក បង្កការលំបាកដល់រស់នៅរបស់មនុស្ស និងធ្វើឱ្យមនុស្សជាច្រើនលាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។


ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង បានយកសន្តិភាព វិបុលភាព និងជោគវាសនារួម ជាសរសរស្តម្ភសំខាន់ សម្រាប់ការអភិវឌ្ឍពិភពលោក ប្រកបដោយចីរភាព ហើយកម្ពុជា មានមោទនភាពដែលជាប្រទេសមួយដែលទទួលបានផលប្រយោជន៍ធំធេងពីចក្ខុវិស័យ របស់ឯកឧត្តមប្រធានាធិបតី។ មិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្រជាអមតៈ ពុំអាចកាត់ថ្លៃបាន រវាងកម្ពុជា និងចិន និងបានប្រែក្លាយជាមិត្តដែកថែប មិនអាចបំបែកបាន និងបានប្តេជ្ញាកៀកស្មាគ្នាកសាងសហគមន៍វាសនារួមគ្នា។ រយៈពេល៦៧ឆ្នាំនៃចំណងការទូតជាផ្លូវការចាប់ពីឆ្នាំ១៩៥៨ កម្ពុជា-ចិន បានពង្រឹង និងពង្រីកនូវចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ កាន់តែជិតស្និទ្ធ កាន់តែរឹងមាំ ដើម្បីបម្រើឱ្យផលប្រយោជន៍នៃប្រជាជន និងប្រជាជាតិទាំងពីរ ជាពិសេស ក្នុងដំណើរទស្សនកិច្ចជាច្រើនលើករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ បានធ្វើឱ្យទំនាក់ទំនងកម្ពុជានិងចិន ឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន» ចាប់ពីឆ្នាំ២០១០ ហើយបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពនេះ ឱ្យនៅបន្តគង់វង្ស៕
ដោយ សួស សំរិត





